(ប៉ៃលិន)៖ រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ លោកស្រី ជា លាភ អភិបាលរងខេត្តប៉ៃលិន រួមដំណើរដោយ ក្រុមប្រឹក្សាសង្កាត់អូតាវ៉ៅ និងមន្រ្តីរាជការ មួយចំនួនទៀត បាននាំយកអំណោយស្បៀងទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ២៨គ្រួសារ រស់នៅក្នុងសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រជាពលរដ្ឋក្រីក្រដែលបានមកទទួលអំណោយនាពេលនោះ បានជ្រើសរើមកពីភូមិនានា ក្នុងសង្កាត់អូតាវ៉ៅ ដូចជាភូមិ កូនភ្នំ ភូមិក្រចាប់លើ និងភូមិនានា មួយចំនួនទៀត ដែលមួយគ្រួសារៗ ទទួលបាន អង្ករ២០គីឡូក្រាម មីមួយកេះទឹកសុទ្ធអង្គរ ពូរ៉ូមួយកេះ និងទឹកត្រីមួយដប។
លោកស្រី ជាលាភ អភិបាលរងខេត្តប៉ៃលិន បានលើកឡើងថា «អំណោយដែលបាននាំយកមកចែកជូន ដល់ប្រជាពលរដ្ឋនាពេលនេះ មានបន្តិបន្ទួច ដែលអាចសំរួលដល់ជីវភាពរបស់បងប្អូនបានមួយ រយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះបងប្អូនត្រូវខិតខំប្រកបរបរទទួលទាន ធ្វើចំការ ចិញ្ចឹមសត្វ ដោយខ្លួនឯងឲ្យបានច្រើន សម្រាប់ដោះស្រាយជីវភាពក្រុមគ្រួសារ»។ លោកស្រីបានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការគិតគូពីសុខទុក្ខ ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋណាស់ ហើយសម្តេចតែងតែបាន ណែនាំដល់លោកអភិបាលខេត្ត មន្រ្តីរាជការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់មើលដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋនិងបញ្ហា ផ្សេងៗទៀត មិនឲ្យប្រជាពលរដ្ឋណារងគ្រោះ អត់បាយដោយមិនមានការជួយឧបត្ថម្ភ ពីអាជ្ញាធរឡើយ។
បន្ថែមពីនេះ មន្ដ្រីសាលាខេត្ត ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសុខភាព ហើយត្រូវប្រញាប់ទៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត នៅពេលមានការជម្ងឺតម្កាត់កើតឡើង កុំទុកឲ្យម្ងឺកាន់តែធ្ងន់ធ្ងរ។ មន្ដ្រីដដែលបន្ដថា ប្រជាពលរដ្ឋក៏ត្រូវមានការប្រុងប្រយ័ត្ន កុំចំណាកស្រុកដោយប្រថុយប្រថានទៅធ្វើការនៅប្រទេសផ្សេង ដោយមិនស្របច្បាប់ អោយសោះ ហើយសូមឲ្យប្រជាពលរដ្ឋទៅធ្វើសំបុត្របញ្ជាក់កំណើត និងអត្តសញ្ញាណប័ណ្ណ ឲ្យបានគ្រប់គ្នាដើម្បីត្រៀមខ្លួនចូលរួម បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាឆ្នាំ២០១៧ខាងមុខនេះ ដើម្បីជ្រើសរើសថ្នាកដឹកនាំ ដែលខ្លួនស្រឡាញ់ពេញចិត្ត៕