(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសប្រើប្រាស់បណ្តាញសង្គម Facebook ឡើងវិញ បន្ទាប់ពីក្រុមហ៊ុននេះ បានផ្តល់យុត្តិធម៌ជូនសម្តេចឡើងវិញ។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើឡើងដូច្នេះថា៖
«បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញគួបផ្សំជាមួយtwitter,YouTube,TikTok, Telegram , instagram, បន្ទាប់ពីក្រុមហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ»។

ជាមួយនឹងការប្រើប្រាស់ឡើងវិញនេះ សម្តេចតេជោ បានសង្ឃឹមថាក្រុមហ៊ុន​Facebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌មិនងងឹតងងុល ដូចក្រុមមនុស្សខូចដែលជាមនុស្សមិនត្រូវបានស្វាគមន៍នៅកម្ពុជា នោះឡើយ។ សម្តេចក៏សង្ឃឹមដែរថា ក្រុមហ៊ុន Facebook នឹងទទួលបានប្រាក់ចំណេញលើស២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារ ក្នុងមួយឆ្នាំ (តួរលេខផ្នែកពន្ធដារ)។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុន Facebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ ការសម្រេចប្រើ ឬមិនប្រើ Facebook គឺជាសិទ្ធិផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)។ ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញ នៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយ TikTok និង Telegram»។

សម្តេចក៏បានអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះសម្តេចបង្កើត Facebook, TikTok ក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីចៀសវាងការភ័យច្រឡំ៕