(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំចាត់វិធានការទប់ស្កាត់ បទល្មើសព្រៃឈើ នៅសាលប្រជុំខេត្ត ដោយបានផ្ដោតលើបញ្ហាប្រឈម ដែលទាក់ទងនឹងបទល្មើព្រៃឈើ ព្រមទាំងចាត់វិធានការតឹងរឹងហ្មត់ចត់ចំពោះបទល្មើសនេះ។

ក្នុងឱកាសដ៏ម៉ឹងម៉ាត់នេះ លោកអភិបាលខេត្ត បានឱ្យដឹងថា បច្ចុប្បន្ននេះ សកម្មភាពបទល្មើសព្រៃឈើ បាននិងកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង នៅតំបន់ព្រៃជាប់ដែនជម្រកសត្វព្រៃ, ព្រៃឡង់ ពិសេសក្នុងសហគមន៍ការពារព្រៃឈើ មានសហគមន៍អូរក្រញូង អូរដាស្គរ ក្បាលតាគង់ និងសហគមន៍អូរធ្នង់ ហើយសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ពាន់ដែលនៅឈរជើងតំបន់នោះ ហាក់បីដូចជាមានសភាពធូររលុង បណ្តែតបណ្តោយឲ្យសមកម្មភាពដឹកជញ្ជូនឈើតាមរថយន្តធំៗ និងរថយន្តតូរីស កំពុងតែមានសកម្មភាពយ៉ាងរលូន ដោយពុំមានទប់ស្កាត់អ្វីសោះ។

លោកថា ការដឹកជញ្ជូនច្រើនតែធ្វើសកម្មភាពនៅពេលយប់ ហើយអ្នកអាឈើ និងអ្នកដឹកឈើខ្លះមានកាំភ្លើងច្នៃ ធ្វើជំនាញមិនហ៊ានចុះបង្ក្រាប។ ដូចនេះហើយលោកស្នើសុំដកមន្ត្រី ដែលឈរជើងចាស់ចេញពីតំបន់នោះ និងត្រួតពិនិត្យទៅលើឈ្មួញដែលទិញឈើវិញ តើមានច្បាប់អនុញ្ញាត ឬក៏អត់។

លោក អ៊ុត សំអន បានដាក់កំហិតថា នេះជាពេលបញ្ចប់ហើយ បើបង្ក្រាបឈើមិនបាន គឺបង្ក្រាបអ្នកបង្ក្រាបវិញម្ដង លោកមិនទុកឲ្យការងារសេសសល់ច្រើន​ នៅពេលជិតចូលនិវត្តន៍នោះទេ៕