(ភ្នំពេញ)៖ លោកបណ្ឌិត ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានលើកឡើងថា សិក្ខាសាលា និងការតាំងពិព័រណ៌វិស័យកសិកម្ម បសុកម្ម និងវារីប្បកម្មនៅកម្ពុជាឆ្នាំ២០១៦នេះ គឺជាការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
លោកបណ្ឌិត ណៅ ធួក បានថ្លែងដូច្នេះក្នុងសិក្ខានាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីក្រុមហ៊ុនជាង ៤០ក្រុមហ៊ុន។ ក្នុងនោះ ក៏មានតាំងពិព័រណ៍ផលិតផលជាង ៦០ប្រភេទ មកពីប្រទេសជាច្រើនដូចជាសហរដ្ឋអាមេរិក តៃវ៉ាន់ ម៉ាឡេស៊ី ចិន ថៃ កូរ៉េ និងវៀតណាម ផងដែរ។
លោក ណៅ ធួក បានបញ្ជាក់ថា ដើម្បីឆ្លើយតបជាមួយតម្រូវការរបស់ប្រជាកសិករ និង ការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនកសិកម្មប្រចាំឆ្នាំឲ្យបានក្នុងរង្វង់ ៥ភាគរយ តាមការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្ម កសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ និង វារីប្បកម្ម ដោយការយកចិត្តទុកដាក់ខ្ពស់លើការការពារ និង គ្រប់គ្រងធនធានព្រៃឈើប្រកបដោយចីរភាព។
លោកបញ្ជាក់ថា «សិក្ខាសាលា និងការតាំងពិព័រណ៍នេះ បង្កើតឲ្យមានកិច្ចសហប្រតិបត្តិការ៣ផ្នែក គឺទី១- ការបង្កើតចំណងទាក់ទងអាជីវកម្មរវាងផ្នែកឯកជន និង ក្រុមកសិករ ផលិតករ ដែលធ្វើការក្នុងផ្នែកផលិតដំណាំកសិកម្ម តាមរយៈការដាក់តាំងបង្ហាញក្នុងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០១៦នេះ ទី២- ផ្នែកផលិតបសុសត្វ ក៏មានបង្ហាញអំពីឧបករណ៍ ធាតុចូលក្នុង សង្វាក់ផលិតកម្មទាំងអស់ រួមទាំងដំណោះស្រាយ ផ្សេងៗផងដែរ ទី៣- ផ្នែកវារីប្បកម្ម ដែលបានបង្ហាញពីជីវៈបច្ចេកវិទ្យា និង ឧបករណ៍ជាច្រើនដែលទាក់ទងនឹងឧស្សាហកម្មនេសាទ ទឹកសាប និងសមុទ្រ»។
លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ក្នុងគោលបំណងធ្វើឲ្យសម្រេចបាននូវការធ្វើទំនើបកម្ម ការលើកកម្ពស់ផលិតភាពពិពិធភាវូបនីយកម្ម និងពាណិជ្ជបនីយកម្មកសិកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈម របស់កសិករ និង សហគមន៍កសិកម្ម រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការប្រទាក់ក្រឡាចាំបាច់មួយចំនួន ប្រកបដោយប្រសិទ្ធភាព និងស័ក្ដសិទ្ធិភាព ទៅលើការកសាង និងកែលម្អ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាក់ទងទៅនឹងខ្សែចង្វាក់ផលិតកម្មកសិកម្ម និងការបង្កើតឧត្តមភាពប្រកួតប្រជែងនៅលើទីផ្សារ ដូចជាផ្លូវថ្នល់ កំពង់ផែ ការរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក ការចែកចាយថាមពលអគ្គីសនី ការផ្ដល់សេវាបច្ចេកទេស និងកែលម្អធាតុចូលកសិកម្ម កំណែទម្រង់ការគ្រប់គ្រងដីធ្លី និងហិរញ្ញវត្ថុក្នុងការវិនិយោគ ការរៀបចំយន្ដការនានា ឆ្ពោះទៅដណ្ដើមទីផ្សារ ការរៀបចំ និងការអភិវឌ្ឍសហគមន៍កសិកម្ម និងពង្រីងយន្ដការសម្របសម្រួស្ថាប័ន៕