Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុគ្គលិកនិងគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តរនគិរី នាំគ្នាគាំទ្រនូវលិខិតចំហរ របស់ក្រសួងសុខាភិបាល.!

08-08-2016 16:34

(រតនគិរី)៖ មន្ត្រីរាជការរួមទាំងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តរតនគិរី បាននាំគ្នាសម្ដែងនូវការគាំទ្រទាំងស្រុង ចំពោះលិខិត ចំហររបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ឆ្លើយតបទៅលិខិតមិត្តអ្នកអានដែលចុះផ្សាយ ដោយសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍។

មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តរតនគិរី បានឃើញនូវអត្ថបទចុះផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដែលមានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រលឹក ខណៈសុខាភិបាលសម្ងំដេក»។ ក្រោយអានអត្ថបទនេះ ក្រុមការងាររបស់មន្ទីរ សុខាភិបាល ខេត្តរតនគិរី បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើខ្លឹមសារទាំងស្រុង ហើយបានសម្រេចបដិសេធដាច់ខាតពាក្យថា «សុខាភិបាលសម្ងំដេក» «ដោយហេតុថា មន្ទីរសុខាភិបាលខេត្តរតនគិរី ព្រមទាំងមន្រី្ត និងបុគ្គលិកសុខាភិបាលទាំងអស់បាននឹងកំពុង ខិតខំបំពេញភារកិច្ចបំរើសេវាសុខភាព ដល់ប្រជាជនប្រកបដោយគុណភាព និងក្រមសីលធម៌ខ្ពស់»។ ម្យ៉ាងទៀតក្រសួងសុខាភិបាល ក៏បានលើកទឹកចិត្ត និងសំណូមពរដល់បុគ្គលិក និងមន្ត្រីសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកប ដោយភាពទទួលខុសត្រូវខ្ពស់ និងជាពិសេសខិតខំបង្កើននូវចំណេះដឹងនិងចំណេះធ្វើរបស់ខ្លួន តាមរយ:ការបណ្តុះបណ្តាល បន្តថែមទៀត។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានបញ្ជាក់ថា «សព្វថ្ងៃនៅខេត្តរតនគីរី មានមន្ទីរពេទ្យបង្អែកចំនួន២ មណ្ឌលសុខភាពចំនួន១៦ ប៉ុស្តិ៍សុខភាពចំនួន១៧ កំពុងបម្រើសេវាដល់ប្រជាជន នៅតំបន់ដាច់ស្រយាល ជនជាតិភាគតិចដោយ មណ្ឌលសុខភាពទាំង១៦ មានបម្រើសេវា២៤ម៉ោង លើ២៤ម៉ោង ហើយមណ្ឌលសុខភាពនីមួយៗ មានបំពាក់សម្ភារ និងអាគារល្អ ប្រព័ន្ធសូឡាប្រើគ្រប់មណ្ឌលសុខភាព និងមានប្រព័ន្ធត្រជាក់សម្រាប់ថែរក្សាវ៉ាក់សាំង»

លោកបានបន្តទៀតថា មានតែសេវាសាធារណៈតែមួយគត់ដែលបានផ្តល់នូវការថែទាំសុខភាព ជូនប្រជាជនប្រមាណជាង៩០ភាគរយ នៃខេត្តរតនគិរី និងជាងនេះតទៅទៀត ជារៀងរាល់ខែនៅភូមិចំនួន២៥០ បុគ្គលិកមណ្ឌលសុខភាព បានចុះផ្តល់ថ្នាំបង្ការនៅតាមភូមិ ជាទៀតទាត់។ ការសន្និដ្ឋានជារួម មន្ទីរសុខាភិបាល និងមន្ត្រីគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែង បូជាកំលាំងកាយកំលាំងចិត្ត គ្រប់កាលៈទេសៈទាំងអស់ ខុសពីការពិតដែលជនអគតិ បានចុះផ្សាយនូវព័ត៌មានមិនពិត និងមានចរិកលក្ខណៈ បន្ទុះបង្អាប់វិស័យ សុខាភិបាល នៅកម្ពុជាទៅវិញ៕