(ភ្នំពេញ)៖ លោក វុន សុភាណារិទ្ធ តំណាងឱ្យម្ចាស់ម៉ូតូ៥នាក់ នាថ្មីៗនេះ បានដាក់ពាក្យប្ដឹងទាមទារសំណងពីប្រធានក្រុមហ៊ុនផ្ញើម៉ូតូ ឈ្មោះ អ៊ឹម ភិនសារិទ្ធ ករណីបាត់ម៉ូតូចំនួន៥គ្រឿង ដែលពលរដ្ឋផ្ញើដើម្បីចូលទស្សនាការប្រកួតបាល់ទាត់កម្ពុជាប៉ះសិង្ហបុរីប៉ុន្តែម្ចាស់ ទទួលបញ្ញើ មិនបានផ្តល់សំណងសមរម្យ ដល់ជនរងគ្រោះឡើយ។
ពាក្យបណ្ដឹង ដែលប្ដឹង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នោះ បានបញ្ជាក់ថា ដើមបណ្ដឹង បានប្ដឹងទាមទារសំណងថ្លៃម៉ូតូទាំង៥គ្រឿង ចំនួន៩,៥០០ដុល្លារ និងសំណងខាតបង់ពេលវេលា ជំងឺចិត្តនិងប្រាក់ប្រដាប់ក្ដី ចំនួន៨,០០០ដុល្លារទៀត។
តាមការរៀបរាប់ក្នុងបណ្ដឹងបានឱ្យដឹងថា ម្ចាស់ម៉ូតូទាំង៥នាក់ខាងលើ មានឈ្មោះ ស៊ីម សារាយ, ឈ្មោះ កូប ឃុតទ្រី, ឈ្មោះ ចាន់ មករា, ឈ្មោះ លី សុភ័ក្ត, និងឈ្មោះ ឆន ប្រុសណាត បានទៅទស្សនាការប្រកួតបាល់ទាត់ កម្ពុជាប៉ះសិង្ហបុរី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ដោយបានផ្ញើម៉ូតូក្នុងក្រុមហ៊ុន IPS SECURITY SERVICE CO.,LTD តែជាសំណាង អាក្រក់ក្រោយពីចេញពីមកយកម៉ូតូវិញ បែរជាបាត់ម៉ូតូទាំង៥គ្រឿងនៅកន្លែងផ្ញើតែមួយ។ ក្រោយពីមានករណីនេះមក លោក អ៊ឹម ភិនសារិទ្ធ ប្រធានក្រុមហ៊ុនខាងលើ បានឱ្យតំណាងរបស់ខ្លួនទៅចរចាជាមួយម្ចាស់ម៉ូតូទាំង៥នាក់ខាងលើ តែមិនបានទទួលលទ្ធផល ព្រោះខាងក្រុមហ៊ុនផ្ដល់សំណងមិនសមរម្យសម្រាប់ម្ចាស់ម៉ូតូ ទើបម្ចាស់ម៉ូតូទាំង៥នាក់នេះ បានសម្រេចគ្នាដាក់ពាក្យបណ្ដឹងតែម្ដង៕