(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានប្រកាសឲ្យដឹងថា ប្រព័ន្ធដំណើរការ (Systems) របស់ក្រុមហ៊ុនត្រូវបានជាប់គាំងដោយសារតែដាច់ប្រព័ន្ធអគ្គិសនី (ដាច់ភ្លើង) ហើយនៅពេលនេះក្រុមហ៊ុនកំពុងតែធ្វើការជួសជុល ខណៈជើងហោះហើរទាំងអស់ត្រូវបានផ្អាកបណ្ដោះអាសន្នទាំងស្រុងនៅជុំវិញពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅមុននេះបន្តិច។
ក្រុមហ៊ុន Delta បានឆ្លើយតបទៅកាន់អតិថិជនរបស់ខ្លួន តាមរយៈបណ្ដាញសង្គម Twitter ថា ប្រព័ន្ធដំណើរការ (Systems) របស់ក្រុមហ៊ុននៅជុំវិញពិភពលោកត្រូវបានជាប់គាំង។ អ្នកនាំពាក្យរបស់ Delta បានបញ្ជាក់ថា នៅពេលនេះប្រព័ន្ធ Systems នៅជុំវិញពិភពលោកគឺមិនដំណើរការ ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតឡើយ៕