(ភ្នំពេញ)៖ ជនជួញដូរគ្រឿងញៀន២នាក់ រួមជាមួយថ្នាំញៀន២៣កញ្ចប់ ត្រូវកម្លាំងនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនបាននៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២ ០១៦នៅចំណុច ផ្លូវលំក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។ មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ក្នុងកិច្ចសហប្រត្តបត្តិការនេះ គឺជាករណីស្រាវជ្រាវទើបឈានទៅបង្ក្រាប ដោយឃាត់ខ្លួនជន សង្ស័យបានចំនួន២នាក់ និងដកហូត បានថ្នាំញៀន២៣កញ្ចប់តូច ដែលមុខសញ្ញាទាំងនេះបានរក្សាទុកដើម្បីធ្វើសកម្មភាពជួញដូរដោយខុសច្បាប់។

មន្ត្រីសមត្ថកិច្ចខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះលី យ៉ាំងប៊ូ អាយុ៦០ឆ្នាំ និងឈ្មោះ ង្វៀង យ៉ាំងទី អាយុ២០ឆ្នាំ ជនត្រូវសង្ស័យទាំង២នាក់ ជាជនជាតិវៀតណាម និងមានមុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរចំណុចកើតហេតុខាងលើ។ បច្ចុប្បន្នមុខសញ្ញាជួញដូរថ្នាំញៀនទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ដើម្បីបន្តនិតិវិធីទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕