(ម៉ានីល)៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Fidel Ramos បានធ្វើដំណើរទៅកាន់ប្រទេសចិនហើយនៅថ្ងៃនេះ ដើម្បីបំពេញដំណើរទស្សនកិច្ចរយៈពេល ០៥ថ្ងៃ ក្នុងគោលដៅជួបជាមួយមិត្តចាស់ និង ធ្វើឲ្យទំនាក់ទំនងរវាងប្រទេស ចិន និងហ្វីលីពីន វិលទៅរកភាពធូរស្រាលឡើងវិញ បន្ទាប់ពីបញ្ហាយ៉ាងក្តៅគគុកនៅសមុទ្រចិនខាងត្បូងនោះ។ នេះ បើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០១៦។
លោកស្រី Ernesto Abella អ្នកនាំពាក្យប្រធានាធិបតីលោក Rodrigo Duterte បានថ្លែងថា «វានឹងត្រួសត្រាយ ផ្លូវ សម្រាប់កិច្ចពិភាក្សាការទូតនៅថ្ងៃអនាគត។ លោក Ramos នឹងជួបមិត្តចាស់ៗហើយ ក៏អាចវាយកូនហ្គោល លេងជាមួយគ្នានៅក្នុងទឹកដីប្រទេសចិននោះផងដែរ»។ ដំណើរទស្សនកិច្ចនេះ បានកើតឡើងរយៈពេលជិតមួយខែ បន្ទាប់ពីតុលាការអន្តរជាតិឡាអេ បានកាត់ក្តីឲ្យហ្វីលីពីនឈ្នះចិនលើបញ្ហាសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី១១ ខែកក្កដា កន្លងទៅនេះ។
គួរបញ្ជាក់ថា នេះមិនមែនជារឿងចៃដន្យនោះទេ ដែលអតីតប្រធានាធិបតីវ័យ ៨៨ឆ្នាំរូបនេះ ធ្វើដំណើរទៅប្រទេសចិន ខណៈរដ្ឋាភិបាលថ្មីរបស់ហ្វីលីពីនបានផ្តល់នាមដល់លោកថា ជាអ្នកបំបែក «ភាពជាប់គាំង» ក្នុងទំនាក់ទំនង ដ៏រកាំរកុះជាមួយប្រទេសចិននោះ។ មុនចាកចេញពីប្រទេសហ្វីលីពីន លោក Ramous បានប្រាប់អ្នកកាសែតនានា នៅព្រលានយន្តហោះថា «វាមិនមែនជាបេសកកម្មរបស់ខ្ញុំទេ ហើយក៏មិនមែនជាខ្ញុំដែលត្រូវលើកបញ្ហានេះ ឡើងដែរ។ បេសកកម្មខ្ញុំពេលនេះ គឺការជួសជុលទំនាក់ទំនងឲ្យប្រសើរឡើងវិញជាមួយចិន»៕