(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា គោរមងារជា«សម្តេច»មិនត្រឹមតែភ្ជាប់ទៅនឹងមុខតំណែងកំពូល(ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី) ប៉ុណ្ណោះទេ តែគោរមងារជា«សម្តេច»នេះ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំនិងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជាទៀតផង។

តាមបណ្តាញសង្គម លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើង៤ចំណុចដូចតទៅ៖

១៖ យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៨(រូបទី១) ចុះថ្ងៃទី២កញ្ញាឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត, អំណឹះតទៅ នឹងមានប្រពៃណីមួយ នៅក្នុងព្រះរាជា ណាចក្រកម្ពុជាយើង នោះគឺ អ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន ៣ នឹងទទួលបានគោរមងារជា«សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និង នាយករដ្ឋមន្រ្តី។

២៖ «សម្តេច» គឺ ជាគោរមងារដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងប្រទេសដែលប្រកាន់យករបបរាជានិយម ហើយវាសមស្របទៅនឹងប្រពៃណីបរមបុរាណនៃប្រទេសកម្ពុជាយើងផង។ នៅស្រុកយើង តាំងពីបុរាណកាលមក គោរមងារមួយចំនួនតែងតែត្រូវផ្សារភ្ជាប់នឹងមុខតំណែងកំពូលសំខាន់ៗ ដូចយ៉ាង គោរមងារ «ឧកញ៉ាចក្រី», «ឧកញ៉ាក្រឡាហោម», «ឧកញ៉ាយមរាជ» ជាដើម។ល។

៣៖ ម្ល៉ោះហើយពីអំណឹះតទៅ, ដោយសារតែព្រះរាជក្រឹត្យគោលលើកឡើងខាងលើ, គោរមងារជា«សម្តេច»មិនត្រឹមតែភ្ជាប់ទៅនឹងមុខតំណែងកំពូល(ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី) ប៉ុណ្ណោះទេ តែគោរមងារជា«សម្តេច»នេះ ថែមទាំងផ្សារភ្ជាប់ទៅនឹងគ្រឹះដ៏រឹងមាំនិងដ៏គង់វង្សយូរអង្វែងនៃរបបរាជានិយមនៅកម្ពុជាទៀតផង។

៤៖ ខ្ញុំសូមឆ្លៀតអបអរសាទរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ សូមឱ្យសម្តេចទទួល ជោគជ័យនៅក្នុងបេសកកម្មបម្រើជាតិ ប្រជាជន និង មាតុភូមិជាទីស្នេហានៃយើង។ សូមឱ្យសម្តេច ហ៊ុន ម៉ាណែត ទទួលជោគជ័យក្នុងការអនុវត្តនូវពាក្យសច្ចារបស់ សម្តេច ថ្វាយអង្គព្រះមហាក្សត្រថា នឹងការពាររាជបល្លង្ក និងរបបរាជានិយមនៅកម្ពជា៕