(ខេត្តរតនគិរី)៖ សាខាកាំកុងត្រូលខេត្តរតនគិរី សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ តាមផ្សារចំនួន២ គឺផ្សារស្រុកបរកែវ និងផ្សារស្រុកអូរយ៉ាដាវ ហើយបានរកឃើញទំនិញ ខូចគុណភាពមួយចំនួន យកទៅកម្ទេចចោលផងដែរ។
លោក សម សុធា អនុប្រធានសាខាកាំកុងត្រូលខេត្តរតនគិរី បានថ្លែងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះថា ក្នុងន័យរឹតបន្តឹងសុវត្ថិភាព ចំណីអាហារ ឲ្យបានល្អប្រសើរសំដៅធានាសុខភាព ជូនអ្នកប្រើប្រាស់នោះ សាខាកាំកុងត្រូលខេត្ត តែងតែបានចុះជាប្រចាំនៅតាមផ្សារ នានាក្នុងខេត្តដើម្បីពិនិត្យរកមើលផលិតផលខូចគុណភាព ក្រែងបងប្អូនអាជីវករលួចដាក់លក់ ជាហេតុធ្វើឲ្យប៉ះពាល់ ដល់សុខភាព អ្នកប្រើប្រាស់។ ជាក់ស្តែងថ្ងៃនេះ សមត្ថកិច្ចជំនាញចុះមកផ្សារស្រុកបរកែវ និងអូរយ៉ាដាវ រកឃើញផលិតផលខូចគុណភាពមួយចំនួន ដូចជាគ្រឿងកំប៉ុង គ្រឿងវេចខ្ចប់ ដោយមើលពីថ្ងៃខែផលិត ថ្ងៃខែហួសការបរិច្ឆេទប្រើប្រាស់ជាដើម។
លោក សម សុធា បន្តឲ្យដឹងទៀតថា នៅគ្រប់តូបលក់ដូរដែលបានពិនិត្យ រួចក៏បានណែនាំដល់បងប្អូនអាជីវករទាំងអស់ត្រូវរៀបចំ ទុកដាក់ទំនិញលក់ឲ្យបានល្អជាពិសេស មុននឹងទទួលផលិតផលមកលក់បន្តត្រូវស្គាល់ ឲ្យច្បាស់ពីប្រភពផលិត ថ្ងៃ ខែ ផលិត និងថ្ងៃ ខែ ឈប់ឲ្យប្រើប្រាស់ពីព្រោះ បច្ចុប្បន្នផលិតផលមួយចំនួនវេចខ្ចប់ មិនបានត្រឹមត្រូវ ហើយកាលបរិច្ឆេទផលិតក៏គ្មានថ្ងៃខែហួស កាលបរិច្ឆេទឈប់ឲ្យប្រើប្រាស់ក៏គ្មាន បើបងប្អូនអាជីវករទាំងអស់មានការយល់ដឹងពីរបៀបដូចបានជម្រាប ជូនខាងលើមានន័យថា បានចូលរួមលើកកម្ពស់សុខភាព សាធារណៈជូនអ្នកប្រើប្រាស់ចំណី អាហារគ្រប់រូបផងដែរ៕