(ភ្នំពេញ)៖ តុលាការបានកោះហៅលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយ ឲ្យចូលបំភ្លឺក្នុងនាមជាសាក្សីនាពេលខាងមុខនេះ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី។ លោក ប៉ា ងួនទៀង ប្រកាសជំហរថា លោកនឹងចូលខ្លួនតាមដីការបស់តុលាការ។
លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក ប៉ា ងួនទៀង ឲ្យចូលបំភ្លឺនៅព្រឹកថ្ងៃទី១៨ ខែសីហា ខាងមុខនេះ។
ពាក់ព័ន្ធករណីនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា លោក ប៉ា ងួនទៀង ពាក់ព័ន្ធនឹងសំណុំរឿង មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។
លោក បន្ថែមថាដីកាកោះនេះជានីតិវិធីរបស់តុលាការ ករណីតុលាការយល់ថាសាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនេះ។ ជាមួយគ្នានេះ លោក ប៉ា ងួនទៀង បញ្ជាក់ថា លោកនឹងចូលខ្លួនបំភ្លឺតាមដីកាកោះ របស់តុលាការ ដោយពុំមានការភ័យខ្លាចឡើយ៕