(ភ្នំពេញ)៖ លោក យាង វណ្ណី ប្រធានក្រុមព្រះសូរិយា បានបញ្ជាក់ឲ្យដឹងថា លោករួមនិងសមាជិកក្រុម បានបង្កើតកម្មវិធីសប្បុរសធម៌មួយ មានឈ្មោះថា «មួយម៉ឺនអាល័យ» ក្នុងគោលបំណង ស្វែងរកថវិកាជួយដល់សិល្បករចាស់ និងជួយទ្រទ្រង់ដល់សកម្មភាព ស្រាវជ្រាវរបស់ក្រុមព្រះសុរិយា។ កម្មវិធី «មួយម៉ឺនអាល័យ» នេះ រៀបចំដោយក្រុមព្រះសុរិយា ដោយមានការ គាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានការឧបត្ថម្ភកម្មវិធី ពីក្រុមហ៊ុនធំំៗមួយចំនួនទៀត ដូចជា ក្រុមហ៊ុន វីតាល់,Ture Money និង Ice Watch ជាដើម។
លោក យាង វណ្ណី បានបញ្ជាក់ឲ្យដឹងថា កម្មវិធីសប្បុរសធម៌ «មួយម៉ឺនអាល័យ» ជាកម្មវិធីប្រមូលយករឿងពីសម័យកាលមុន និងតារាភាពយន្តពីទសវត្សទី៦០ និង៧០ បង្ហាញដល់បងប្អូនទស្សនិកជន សារជាថ្មី ។
ខ្សែភាពយន្ត ពីទសវត្សទី៦០និង៧០ ដែលគ្រោងនឹងចាក់បញ្ចាំង នៅក្នុងកម្មវិធីសប្បុរសធម៌ «មួយម៉ឺនអាល័យ» មានចំនួនបី ខ្សែភាពយន្ត ទី១ គឺរឿង «ព្រះធិនវង្សនាងពៅ» នឹងចាក់បញ្ចាំងនៅថ្ងៃទី២១ ខែសីហា វេលាម៉ោង ៩៖០០ព្រឹក នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
ខ្សែភាពយន្តទី២ គឺរឿង «អនអើយស្រីអន» នឹងចាក់បញ្ចាំងនៅថ្ងៃទី២១ ខែសីហាឆ្នាំ២០១៦ វេលាម៉ោង ៥៖០០ល្ងាចនៅសាលសន្និសីទ ចតុមុខរាជធានីភ្នំពេញ និងខ្សែភាពយន្ត ទី៣ រឿង «គួរឲ្យចុកឈាម» នឹងចាក់បញ្ចាំង នៅថ្ងៃទី២១ ខែសីហាឆ្នាំ២០១៦ វេលាម៉ោង ២៖០០រសៀល នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា រាល់ចំណូលដែលបានពីការលក់សំបុត្រ ចូលរួមទស្សនាខ្សែភាពយន្ត ពីទសវត្សទី៦០ និង៧០នេះ នឹងយកទៅជួយ និងគាំទ្រដល់សិល្បករចាស់ៗ ដែលគ្មានលទ្ធភាព និងក្រខ្សត់ គ្មានទីពឹង។ សម្រាប់សំបុត្រចូលទស្សនា គឺលក់ក្នុងតម្លៃ ២០០០០រៀល៕