Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖​ «កម្មករ-កម្មការិនី និងប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោតនៅកន្លែងណា អាចបោះឆ្នោតនៅកន្លែងហ្នឹង» (Video inside)

08-08-2016 15:33

(កណ្តាល)៖ ថ្លែងយ៉ាងច្បាស់ៗនៅក្នុងពិធី ចាក់បេតុងតភ្ជាប់ស្ពានកោះធំ ស្ថិតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសច្បាស់ៗថា កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ អាចចុះឈ្មោះបោះឆ្នោត ណាកន្លែងណា អាចបោះឆ្នោតនៅកន្លែងហ្នឹង មិនចាំបាច់ទៅបោះឆ្នោត នៅស្រុកកំណើតវិញទេ។

សម្តេចតេជោ ហ៊ុន សែនថា ការធ្វើបែបនេះ គឺជាការសម្រួលដល់ប្រជាពលរដ្ឋ ឲ្យមានភាពងាយស្រួលជាងមុន គឺមានន័យថា ចុះឈ្មោះ នៅកន្លែងណា អាចបោះឆ្នោតនៅកន្លែងហ្នឹងបាន មិនបាច់ត្រូវធ្វើដំណើរទៅ ស្រុកកំណើត ដូចកាលពីមុនឡើយ។

សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា «កម្មករ-កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ អាចចុះឈ្មោះ នៅកន្លែងណាដែលខ្លួនធ្វើការ នៅក្បែរហ្នឹង អាហ្នឹងជាការងាយស្រួលមួយ​គឺចុះឈ្មោះ នៅឯស្រុក ខ្លួនមក ធ្វើការនៅភ្នំពេញ តែស្រុកកំណើតនៅកោះធំ ពេលបោះឆ្នោតត្រូវប្រញាប់ប្រញាល់មកកោះធំ អាលូវនេះ មិនបាច់មកចុះឈ្មោះនៅកោះធំទេ ចុះឈ្មោះនៅរោងចក្រ និងកន្លែងធ្វើការនៅភ្នំពេញតែម្តងទៅ»

សម្តេចតេជោ បានបញ្ជាក់ថា ចំពោះការចុះឈ្មោះបោះឆ្នោត គឺនឹងធ្វើឡើងនៅកន្លែងណាក៏បាន មិនប្រកាន់ថា ត្រូវទៅស្រុកកំណើត ប៉ុន្តែត្រូវតែមានការបញ្ជាក់ សំខាន់បំផុតគឺអត្តសញ្ញាប័ណ្ណ ដូចនេះអាជ្ញាធរ ត្រូវពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានលឿនបំផុត។

ជាមួយគ្នានោះដែរ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវដល់សាធារណជន​ ឲ្យបានដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ គណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំការចុះឈ្មោះជូនប្រជាពលរដ្ឋ​នៅទូទាំង។ ខណៈដែលការចុះឈ្មោះ ជិតឈានមកដល់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។

កន្លងមក គ.ជ.ប បានចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គ.ជ.ប បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ មានសារៈសំខាន់ ណាស់ គឺសម្រាប់បម្រើឲ្យការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧៕

ខាងក្រោមនេះ ជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន​ សែន៖