(កណ្ដាល)៖ ពលរដ្ឋជាង១០០គ្រួសារ មកពីភូមិផ្សេងៗគ្នា នៅក្នុងឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល បាននាំតវ៉ាទាមទារកាន់កាប់ដីរួមក្រុមសាមគ្គី ដែលពួកគាត់ធ្លាប់បានអាស្រ័យផល តាំងពីក្រោយឆ្នាំ១៩៨០មក ហើយត្រូវបានអាជ្ញាធរលក់ឲ្យឈ្មួញ ជាបន្តបន្ទាប់។ ការតវ៉ាបានធ្វើឡើង នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១៦នេះ នៅចំណុចប្រលាយ១២ទំនប់៣៨ ស្ថិតក្នុងភូមិ លេខ៦ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ អ្នកស្រី ខែម ស៊ឹម ពលរដ្ឋម្នាក់ក្នុងចំណោមជាង១០០គ្រួសារខាងបានប្រាប់ថា ដីរួមក្រុមសាមគ្គីសរុបជាង ៧០០ហិកតា ដែលពលរដ្ឋចំនួន៧ភូមិ ធ្លាប់បានធ្វើដំណាំកសិកម្ម តាំងពីក្រោយឆ្នាំ១៩៨២ ត្រូវបានអាជ្ញាធរភូមិ និងឃុំកោះធំ(ក) យកទៅលក់ឲ្យឈ្មួញ ដោយមិនមានការយល់ព្រមពីពួកគាត់។
អ្នកស្រីអះអាងថា ពលរដ្ឋខ្លះមានដីរួមនេះ ត្រឹមតែ៦០អា ឬខ្លះមាន៧០អា និងច្រើនបំផុតមួយហិកតា ទៅតាមសមាជិកក្នុងគ្រួសារ តិចឬច្រើន ដែលបានចូលធ្វើដំណាំកសិកម្មលើដីនោះ តាំងពីក្រោយឆ្នាំ១៩៨២ រហូតដល់ឆ្នាំ១៩៩៨ ដោយសារទីតាំងធ្វើស្រែចំការនោះ មិនមានទឹកប្រើប្រាស់ ពួកគាត់ក៏បានបង្ខំចិត្តឈប់ធ្វើចំការ ហើយទុកដីនោះឲ្យនៅទំនេរ មិនបានបន្តធ្វើកសិកម្មនោះទេក្រោយមក ស្រាប់តែអាជ្ញាធរភូមិ និងឃុំ ឃុបឃិតគ្នាលក់ដីនោះស្ងាត់ៗ លុះក្រោយមកពលរដ្ឋ បានដឹងព័ត៌មាននេះ ក៏នាំគ្នាតវ៉ាទាមទារដីពីឈ្មួញ នោះវិញ។
ពាក់ព័ន្ឋករណីនេះ លោក សាត វៃ មេឃុំកោះធំ(ក) បានឲ្យដឹងថា ជម្លោះដីធ្លីខាងលើ កើតឡើងជាយូរមកហើយ តែលោកមិនជាប់ ពាក់ព័ន្ធក្នុងរឿងនេះទេ ដោយសារលោកទើបកាន់តំណែងជាមេឃុំថ្មី។ តែយ៉ាងណានោះលោកឲ្យដឹងថា ដីក្រុមសាមគ្គីនេះត្រូវបានគេ លក់ជាង៣អាណត្តិឃុំមកហើយ គឺចាប់តាំងពីលោក សុន សយ ធ្វើជាមេឃុំមក ដោយក្នុងនោះ គេបានយកថវិកាបែងចែកទៅតាមភូមិ ក្នុងមួយភូមិទទួលបាន១ពាន់ដុល្លារ សម្រាប់ចាត់ចែង ទៅតាមតម្រូវការផ្សេងៗក្នុងភូមិនីមួយៗ។
ចំណែក លោក សាម ម៉េងហ៊ មេឃុំពោធិ៍បាន បានឲ្យដឹងថា ដីដែលពលរដ្ឋចូលកាន់កាប់នេះ ស្ថិតក្នុងដែនរដ្ឋបាលឃុំពោធិ៍បាន មិនមែនស្ថិតភូមិសាស្រ្ត ឃុំកោះធំ(ក)ទេ ដូច្នេះពលរដ្ឋនៅក្នុងឃុំ កោះធំ(ក) មិនអាចចូលកាន់កាប់ដី នៅឃុំពោធិ៍បាននោះ បានឡើយ ហើយករណីនេះ លោកក៏បានដាក់ពាក្យប្តឹង ទៅមន្ទីរនិងក្រសួងពាក់ព័ន្ធរួចហើយដែរ។
លោក សុខ រក្សា អភិបាលរងស្រុកកោះធំ ទទួលបន្ទុកដីធ្លី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយលោកមានប្រសាសន៍ថា ដីនេះលោកក្តាប់មិនជុំឡើយ ដោយជម្លោះនេះកើតឡើង ជាយូរឆ្នាំមកហើយដែរ។ ចំណែកលោក អេង មោក អភិបាលស្រុកកោះធំ ក៏មិនអាចទាក់ទងបានដែរ ដោយទូរស័ព្ទលោកពុំមានអ្នកទទួល៕