(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុងថៃអេទ្បិចត្រូនិកក្នុងប្រទេសកម្ពុជា បានរៀបចំធ្វើការផ្សាយបន្តផ្ទាល់ដ៏អស្ចារ្យពីទីក្រុងញូយ៉ក អំពីការដាក់បង្ហាញរូបរាងពិតរបស់ទូរស័ព្ទ សាមសុង Galaxy Note7 ដោយមានការចូលរួមពីដៃគូផ្សព្វផ្សាយជាច្រើនក្នុង ប្រទេសកម្ពុជា ដែលមកពីស្ថាប័នផ្សេងៗដូចជា៖ ទូរទស្សន៍ គេហទំព័រ កាសែត និងទស្សនាវដ្តី ហើយនៅពេលចប់កម្មវិធី ក្រុមហ៊ុនសាមសុងក៏បានប្រកាសនូវការសម្ពោធ Galaxy Note7 ជាផ្លូវការសម្រាប់អ្នកសារព័ត៌មាន ដោយផ្តល់សិទ្ធិឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្ត ដោយផ្ទាល់ដំបូងគេជាមួយនឹងផលិតផលពិត។
ថ្លែងក្នុងសុន្ទរកថានៃការសម្ពោធទូរស័ព្ទ Galaxy Note7 លោក Seungho Choi ដែលជានាយក គ្រប់គ្រងនៃក្រុមហ៊ុនសាមសុងថៃអេទ្បិចត្រូនិកសាខាកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយ ដែលបានប្រកាសនូវការសម្ពោធជាផ្លូវការនូវទូរស័ព្ទ សាមសុង Galaxy Note7 សម្រាប់អ្នកសារព័ត៌មាន ដែលជាទូរស័ព្ទឆ្លាតវៃបំផុត និងមិនធ្លាប់មានពីមុនមក។ ជាមួយនឹងផលិតភាពដ៏ឥតខ្ចោះ ប្រកបដោយសមត្ថភាពដ៏ខ្លាំងក្លាក្នុងការផ្តល់ការកម្សាន្ត រួមមាន លក្ខណៈពិសេសនៃការផ្តល់សុវត្ថិភាពខ្ពស់ ទូរស័ព្ទដៃសាមសុង Galaxy Note7 គឺជាស្មាតហ្វូនដ៏ល្អ សម្រាប់អ្នកដែលចង់សម្រេចភាពជោគជ័យជាច្រើនក្នុងជីវិត។ ថ្ងៃនេះគឺជាថ្ងៃដែលអ្នកសារព័ត៌មាន ទាំងអស់ទទួលបានសិទិ្ធក្នុងការធ្វើតេស្តទូរស័ព្ទដៃដ៏ទំនើបអស្ចារ្យ ហើយរូបខ្ញុំផ្ទាល់ពិតជាត្រេកអរ នឹងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart Axiata សម្រាប់ការដាក់សម្ពោធទូរស័ព្ទសាមសុង Galaxy Note7នេះ»។
លោក Thomas Hundt ដែលជាអគ្គនាយកក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «រាល់ ការបញ្ជាទិញទូរស័ព្ទសាមសុង Galaxy Note7 អតិថិជននឹងទទួលបានស៊ីមកាតរបស់ក្រុមហ៊ុនស្មាតហើយមានការបន្ថែមនូវគម្រោង Power+1 ដោយឥតគិតថ្លៃរយៈពេល ២៤សប្តាហ៍ទៀតផង។ ដូច្នេះអតិថិជនរបស់ស្មាតទាំងអស់ពិតជាកាន់តែរីករាយជាងមុនក្នុងប្រើប្រាស់ទូរស័ព្ទ Galaxy Note7 ដែលមានសមត្ថភាពខ្ពស់ជាមួយនឹងបណ្តាញ 4G ដ៏លឿនដែលអាចប្រើបានយ៉ាងទូលំ ទូលាយក្នុងប្រទេសកម្ពុជា»។
Galaxy Note 7 គឺជាទូរស័ព្ទដៃស៊េរីថ្មីប្រភេទផាប់ប្លែត (Phablet) ដែលផ្តល់សុវត្ថិភាពខ្ពស់ដល់ អ្នកប្រើប្រាស់ជាមួយប្រព័ន្ធការពារសុវត្ថិភាព Samsung Knox និងបច្ចេកវិទ្យា iris scanner ថ្មី ក្នុងការ ស្កេនប្រស្រីភ្នែកដើម្បីដោះសោរ និងព្រមទាំងមុខងារកាន់តែអស្ចារ្យ របស់ប៊ិក S-Pen និងប្រព័ន្ធ IP68 ដើម្បីការពារធូលីដី និងធន់នឹងទឹក ដែលអាចឲ្យអ្នកប្រើប្រាស់ កត់ត្រាយ៉ាងងាយស្រួល ដោយគ្មានការរំខាន ទោះបីជានៅពេលដែលអេក្រង់សើមក៏ដោយ។ លើសពីនេះ ទៅទៀត អ្នកប្រើប្រាស់អាចរីករាយក្នុងការទស្សនាកម្សាន្ត ជាមួយនឹងលក្ខណៈពិសេសរបស់មុខងារ HDR video streaming ។
ជាមួយនឹង Galaxy Note7 ហ៊ុនសាមសុងនៅតែបន្តឆ្ពោះទៅមុខ ក្នុងការរចនារូបរាងឲ្យកាន់តែ មានភាពល្អឥតខ្ចោះ តាមរយៈការច្នៃប្រឌិតថ្មី ដែលបំពាក់ដោយអេក្រង់ប្រភេទ 5.7” Quad HD Dual edge Super AMOLED ទំហំ 2560 x 1440 (518ppi) ដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0.1 (Marshmallow) ដ៏កំពូល និង RAM ទំហំ 4GB (LPDDR4) ថែមទាំងបំពាក់ដោយកាមេរ៉ាមុខ dual-pixel ទំហំ 12MP OIS (F1.7) និងកាមេរ៉ាក្រោយទំហំ 5MP (F1.7) ។
អតិថិជននឹងអាចបញ្ជាទិញទូរស័ព្ទសាមសុង Galaxy Note7 ជាមួយនឹងការផ្តល់ជូនពិសេសចាប់ពី ថ្ងៃទី០៧ ដល់ថ្ងៃទី១៩ សីហា ឆ្នាំ ២០១៦ ហើយអតិថិជនអាចមកទទួលយកទូរស័ព្ទដៃ នៅថ្ងៃទី២០ សីហា ២០១៦ នៅកម្មវិធីលក់ Galaxy Note7 នៅកោះពេជ្រអាគារ L ចាប់ពីម៉ោង ៨៖៣០នាទី ព្រឹក ដល់ម៉ោង ៨៖០០ល្ងាច៕