(ភ្នំពេញ)៖ និស្សិត តាំង ប៊ុនហុង ដែលល្បីថាជានិស្សិតខ្លាំងលើខ្លាំង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យនាំមុខគេ ផែ្នកគុណភាពនៅកម្ពុជា ត្រូវបាន លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជាជួយឧបត្ថម្ភថៃ្លសិក្សា ឆ្នាំបញ្ចប់បរិញ្ញាបត្រ៤ឆ្នាំនៅ AUPP។
លោកស្រី បណ្ឌិត Billie Slott ជាសាស្រ្តាចារ្យផែ្នកច្បាប់ និងជានាយកកិច្ចការនិស្សិត បានមានប្រសាសន៍ថា ប៊ុនហុង ជានិស្សិតពូកែ ឬនិយាយមួយបែបថាជា «និស្សិតខ្លាំងក្នុងចំណោមអ្នកខ្លាំង» នៅ AUPP ត្រូវបាន លោក កែវ រតនៈ ជួយចេញថៃ្លសិក្សាឲ្យពាក់កណ្តាល បន្ទាប់ពីលោក រតនៈ ឮថា ប៊ុនហុង ជានិស្សិតពូកែតែជាកូនអ្នកក្រក្សត់។
ឆ្លើយតបទៅនឹងសំណួរថា ហេតុអ្វីបានជាចាប់អារម្មណ៍ជួយថៃ្លសិក្សាដល់និស្សិត ប៊ុនហុង លោក កែវ រតនៈ បាននិយាយយ៉ាងខ្លីថា លោក «គាំទ្រនិងលើកទឹកចិត្តដល់សិស្ស និងនិស្សិតពូកែទាំងអស់ ព្រោះពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ និងចាំបាច់បំផុតសម្រាប់ប្រទេសយើង»។ លោក រតនៈ ធ្លាប់ជា និស្សិតខ្លាំង កាលលោកនៅសិក្សា ហើយមកទល់ពេលនេះ បើទោះបីជាលោកទទួលបានសញ្ញាបត្រមកពីអាមេរិក និងអង់គេ្លសរួចហើយក្តី និងកំពុងបំពេញតួនាទីជាមន្រ្តីរាជការ មានឋានៈខ្ពង់ខ្ពស់គួរសមក៏ដោយ ក៏លោកនៅតែសែ្វងរកការសិក្សាបន្តទៀត។
តាំង ប៊ុនហុង ធ្លាប់ជាសិស្សពូកែទូទាំងប្រទេសនិងទទួលបានចំណាត់ថ្នាក់ A កាលនៅរៀនថ្នាក់វិទ្យាល័យ ។ ប៊ុនហុង ដែលត្រូវចូលឆ្នាំទី៤ ជាឆ្នាំបញ្ចប់នៅ AUPP នៅខែក្រោយនេះ បាននិយាយថា «ខ្ញុំអរគុណយ៉ាងខ្លាំងចំពោះសន្ដានចិត្តរបស់លោកពូ កែវ រតនៈ។ អត្ថន័យនៃទង្វើដ៏ល្អនេះគឺមិនមែនឋិតនៅលើខ្ញុំ ឬលោកពូតែម្នាក់ទេ តែជាសកម្មភាពមួយលើកទឹកចិត្តយុវជនយើង ឲ្យខំកសាងខ្លួនដើម្បីជាធនធានមនុស្ស សម្រាប់ប្រទេសជាតិ និងដល់ម្ចាស់ប្រភពធនធានផ្សេងទៀត ឲ្យចូលរួមចំណែកជួយលើកទឹកចិត្តយុវជនយើង ទូទាំងប្រទេស»។
ទាក់ទងទៅនឹងអាហារូបករណ៍វិញ លោកស្រីបណ្ឌិត Billie Slott បានមានប្រសាសន៍ថា AUPP សូមស្វាគមន៍និងអំពាវនាវដល់ សប្បុរសជនទាំងអស់ដែលមានបំណងចូលរួមចំណែក លើកកម្ពស់វិស័យអប់រំ និងជាពិសេសជួយដល់និស្សិតក្រីក្រនៅកម្ពុជា ឲ្យមានឱកាសបានសិក្សានៅសាកលវិទ្យាល័យស្តង់ដារអន្តរជាតិដូច AUPP អាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយលោកស្រីបណ្ឌិត Billie Slott តាមរយៈលេខទូរសព្ទ ៖ 077284200 ឬ Email: [email protected].