(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែសីហានេះ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ថៃ បានដឹកនាំគណៈប្រតិភូអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅថៃ ចាប់ពីថ្ងៃទី៨ ដល់ទី១២ ខែសីហា ឆ្នាំ២០១៦។
តាមគម្រោង នៅក្នុងដំណើរបំពេញទស្សនកិច្ច ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជានិងថៃ នាពេលនេះ គណៈប្រតិភូគ្រោងជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយឥស្សរជន ថ្នាក់ដឹកនាំ សំខាន់ៗ នៃស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃព្រះរាជាណាចក្រថៃ។
ក្រៅពីនោះ ក្រុមគណៈប្រតិភូ គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រទេសថៃ រដ្ឋមន្ត្រីក្រសួងបរទេសថៃ និងជួបពិភាក្សាការងារជាមួយ ប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា ប្រធានគណៈកម្មការនីតិកម្ម នៃរដ្ឋសភា ប្រទេសថៃផងដែរ។
ទន្ទឹមនឹងនេះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ លោក ឈាង វុន ក៏គ្រោងទៅជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃផងដែរ។ ជាការកត់សម្គាល់ នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសកម្ពុជា និងថៃនោះ គណៈប្រតិភូរដ្ឋសភាកម្ពុជា ស្វែងរកកិច្ចសហប្រតិបត្តិការពីរដ្ឋសភា នៃព្រះរាជាណាចក្រថៃក្នុងការ ជួយគំាពារដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ។
គួរបញ្ជាក់ថា ក្នុងការគិតគូរជាខ្លាំងចំពោះពលករខ្មែរ លោក ឈាង វុន នឹងលើកយកបញ្ហាពលករខ្មែរនេះ នៅក្នុងជំនួបពិភាក្សាការងារ ជាមួយភាគីថៃផងដែរ៕