(ភ្នំពេញ)៖ ប្រលោមលោករឿង «បំភ្លេចមិនបាន» ដែលជាប្រលោមលោកល្បីល្បាញ តាំងពីឆ្នាំ១៩៩៥ រហូតដល់ថ្នាក់ទទួលបានពានរង្វាន់ព្រះសីហនុរាជ លេខ១ស្ទួនផងនោះ ត្រូវបានផលិតកម្ម មហាហង្ស រៀបចំថតចេញជាភាពយន្តភាគ ត្រៀមបញ្ចាំងក្នុងស្ថានីទូរទស្សន៍ PNN ដែលបានធ្វើពិធីក្រុងពាលីចេញថត នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ នៅឯភូមិគ្រិះរបស់លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សផ្ទាល់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយមានការចូលរួមពីសំណាក់តារាសម្ដែង ជាច្រើននាក់។
លោក អ៉ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាផលិតករ បានថ្លែងឲ្យដឹងថារឿង «បំភ្លេចមិនបាន» ជាប្រភេទរឿងភាគបែបប្រលោមលោក បង្ហាញពីការបែកបាក់គ្រួសារ ដោយសារសង្គ្រាម និងបង្ហាញពីខ្សែជីវិតរបស់ក្មេងស្រីកមព្រាម្នាក់ ដែលមានការតស៊ូព្យាយាមអំណត់អត់ធន់ និងមានប្រាជ្ញាឈ្លាសវៃ ពុះពារគ្រប់ឧបសគ្គ រហូតទទួលបានជោគជ័យ។ រឿងនេះ មានចំនួន៥០ភាគ អាចនឹងប្រើរយៈពេលថតប្រមាណជា១ខែ និងចំណាយអស់ទុកជាង១០ម៉ឺនដុល្លារ ដើម្បីឲ្យផ្ទៃរឿងមានភាពទាក់ទាញ មានគុណភាពល្អ តម្រូវទៅតាមទីផ្សារ ភាពយន្តសព្វថ្ងៃ។
ចាងហ្វាងផលិតកម្មរូបនេះ បានបន្តថា មូលហេតុដែលលោកជ្រើសរើស យកប្រលោមលោក រឿង«បំភ្លេចមិនបាន»ផលិតជារឿងភាគនេះឡើង គឺមកពីលោកមើលឃើញថា រឿងនេះមានភាពល្បីល្បាញច្រើនឆ្នាំ ហើយក៏ជារឿងមួយមានភាពទាក់ទាញ ហើយលោកក៏បានទិញសិទ្ធិ និងស្នើដល់អ្នកស្រី ប៉ាល់ វណ្ណរីរក្ស សរសេរជាសេណារីយោភាពនេះឡើង ដើម្បីថតជារឿងភាគ ដាក់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ PNN ។
លោក អ៉ិន សុភិន បានសង្កត់ធ្ងន់ថា ដោយសារតែភាពយន្តបែបប្រលោមលោក រឿង «បំភ្លេចមិនបាន» បានចំណុចខ្លាំងច្រើនបែបនេះ ទើបលោកបានបង្ហាញជំនឿជឿជាក់ថា នឹងទទួលបានជោគជ័យ មានការគាំទ្រខ្លាំង នៅពេលផលិតឡើងចេញជាភាពយន្ត មិនខុសពីប្រលោមលោកនោះទេ ព្រោះរឿងប្រលោមលោកល្បីៗ នៅពេលថតចេញជាវីដេអូ គឺរិតតែចាប់អារម្មណ៍ខ្លាំងជាងសំណេរ ព្រោះមានរូបភាពនៃការសម្ដែងជូនទស្សនា។
សូមបញ្ជាក់ថារឿង «បំភ្លេចមិនបាន» មានការចូលរួមសម្ដែង ដោយតារាល្បីៗរួមមាន លោក អូន ឧស្សាហ៍, កញ្ញា នី មុន្នីនាថ, លោក ហម ឈរ៉ា, អ្នកនាង ចាន់ តារាទី, កញ្ញា ម៉ៅ គីមធីតា, អ្នកនាង និន សុធារ៉ា, កញ្ញា អាង សុនីតា, លោក អៀង ចេនឡា, លោក លឹម តិចម៉ុង, លោក លៀង ឧត្តម, កញ្ញា សឿន ផានផាភួង ព្រមទាំងតារាល្បីជាច្រើនដួងទៀត៕