(កំពត)៖ ប្រជាពលរដ្ឋនៅខេត្តកំពត ជាពិសេសអ្នកនៅទីរួមខេត្តតែម្តង ពិតជាសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឲ្យរដ្ឋបាលខេត្តកំពត ធ្វើការជួសជុលស្ពានឥន្ទនូចាស់រហូតដាក់ឲ្យ ដំណើរការឡើងវិញសម្រាប់កង់ និងម៉ូតូឆ្លងកាត់នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ។
នៅព្រឹកថ្ងៃនេះលោក ចាន់ ចេស្តា អភិបាលខេត្តកំពត បានដឹកនាំមន្រ្តីតាមស្ថាប័នមួយចំនួនជុំវិញខេត្ត ចុះបើកដាក់ឲ្យដំណើរការ ឡើងវិញនូវស្ពានឥន្ទនូចាស់នេះ។ ឆ្លៀតឱកាសនេះ លោកអភិបាលខេត្ត រំលឹកដល់សាធារណជនថា ស្ពានមួយនេះបើកឲ្យប្រើប្រាស់ ឡើងវិញសម្រាប់តែកង់ និងម៉ូតូប៉ុណ្ណោះ ហើយបងប្អូនត្រូវប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរ និងត្រូវគោរពច្បាប់ចរាចរណ៍ជៀសវាង នូវគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ព្រមទាំងជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពផងដែរ។
សូមរំលឹកថាកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យធ្វើការជួសជុលដាក់ ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ឡើងវិញ។ ការសម្រេចឲ្យជួសជុលស្ពាន ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងកាត់នេះ បន្ទាប់ពីសម្តេចសង្កេតឃើញ មានប្រជាពលរដ្ឋ បានទទូចឲ្យបើកស្ពាននេះឡើងវិញ។ ប្រជាពលរដ្ឋ និងសិស្ស ដែលធ្លាប់តែព្យាយាមនាំគ្នាឆ្លងរបាំងធ្វើដំណើរ តាមស្ពាននេះ បានយល់ឃើញថា ជាការល្អមួយចំពោះការបើកដំណើរការស្ពាននេះឡើងវិញ ព្រោះវាជួយសម្រួលដល់ការធ្វើដំណើរ ឆ្លងកាត់ទៅប្រកបការងារ ក៏ដូចជាធ្វើដំណើរទៅសាលា៕