(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានជូនព័ត៌មានឱ្យដឹងថា នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣សប្តាហ៍ក្រោយនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ តបតាមការអញ្ជើញរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន។

ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលខាងលើនេះ នឹងប្រព្រឹត្តទៅនៅរដ្ឋធានីហ្សា​ការតា ពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ អញ្ជើញអមដំណើរឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី រួមមានលោក លោកស្រី ជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា។

យោងតាមក្រសួងការបរទេសបានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោត​លើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់​សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផល​ប្រយោជន៍សម្រាប់ ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។ បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។

របៀបវារៈសំខាន់ៗ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម។

នៅក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបទ្វេភាគីជាមួយ​សមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកសំខាន់ៗមួយចំនួនទៀត។

សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូងក្នុងឆាកអន្តរជាតិរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការកត់សម្គាល់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន។

លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងដែរថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់ហើយទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារ​ឧត្តម​ប្រយោជន៍ជាតិនៅចំពោះមុខសមាជិកអាស៊ាន៩ដទៃផ្សេងទៀត និងដើម្បីការពារ​ផល​ប្រយោជន៍រួមរបស់អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនា​របស់អាស៊ាន។ បញ្ហា​តំបន់ និងបញ្ហាអន្តរជាតិដែលប្រមុខរាជរដ្ឋាភិបាលវ័យក្មេងរបស់យើង ត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូល​មហា​អំណាច​​ពិភពលោក និង រវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋកិច្ចសកលដែលបាន និង​កំពុងបន្តជះផលអវិជ្ជមានមក​លើជាតិមាតុ​ភូមិ៕