(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះសួសុខទុក្ខ និងនាំអំណោយចែកជូនសមាជិកសមាគមអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន៩គ្រួសារ ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ សំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រគ្មានទីពឹង។
អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាដែលនាំមកចែកជូននៅពេលនេះ ជាអំណោយរបស់ឯកឧត្តមលោកកិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលក្នុងមួយគ្រួសារ ទទួលបាន៖ អង្ករ១បាវ, មី១កេស, ទឹកត្រី១យួរ, ភួយ១ និងថវិកាមួយចំនួន។
ក្នុងនាមអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងនូវការចូលរួមអបអរសាទរ ចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី តែងតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៧នេះ។ លោកក៏បានអំពាវនាវដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីឲ្យប្រទេសជាតិ កាន់តែទទួលបានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យថែមទៀត៕