(បាត់ដំបង)៖ លោកបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញ និងកោតសរសើរដល់និស្សិតខ្មែរ សម័យទំនើបនេះមានភាពវ័យឆ្លាត និងមានឱកាសរៀនបច្ចេកវិទ្យា និងនវានុវត្តន៍ឧស្សាហកម្មវិទ្យាសាស្ត្រ ហើយសមត្ថភាពមិនចាញ់សិស្សបរទេសឡើយ។

ការលើកឡើងរបស់លោក ហ៊ុល សៀងហេង ធ្វើឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសការតាំងពិព័រណ៍វិទ្យាសាស្រ្តលើកទី៧ ប្រធាបទបច្ចេកវិទ្យាបៃតង អនាគតបៃតងនៅខេត្តបាត់ដំបង, ពិធីបើកការប្រកួតគម្រោងវិទ្យាសាស្ត្រ ក្នុងពិព័រណ៍វិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៧ នៅខេត្តបាត់ដំបង ដោយមានការចូលរួមលោក ខែម រស្មី ស្ថាបនិកនិងអគ្គនាយក
ក្រុមហ៊ុនឌូវី អ៊ុនធើណេសិនណល, លោកបណ្ឌិត អ៊ុ ចាន់ចំណាន ប្រធានអង្គការ STEM Carbodia , ប្រធានមន្ទីរពាក់ព័ន្ធសាស្រ្តាចារ្យបរទេស ខ្មែរ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត មាតា បិតាសិស្សជាច្រើនរូប។

លោក ខែម រស្មី ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនឌូវី អ៊ុនធើណេសិនណល បានលើកឡើងថា ក្រុមហ៊ុន ឌូវី បានរៀបចំពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំបានចំនួន៦លើករួចមកហើយ គិតចាប់ពីឆ្នាំ២០១៥មក ប៉ុន្ដែខកខានរៀបចំរយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ (ឆ្នាំ២០២០ និង២០២១) និងតាំងពិព័រណ៍វិទ្យាសាស្រ្ត បានទាំង៦លើករួចមកហើយ។

លោកអគ្គនាយកបានបញ្ជាក់ថា ដោយមានការពេញចិត្ត គាំទ្រ និងជំរុញពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរសំខាន់ៗ ក្រុមហ៊ុនឌូវី មានសេចក្ដីរំភើបជាអនេកក្នុងការនាំមកនូវ ពិព័រណ៍វិទ្យាសាស្រ្តលើកទី៧ នាថ្ងៃនេះ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងកាន់តែទូលំទូលាយជាងមុន ដោយបើកឲ្យមានការចូលរួមពីសំណាក់សិស្សានុសិស្ស មកពីតាមបណ្ដាលសាលារដ្ឋ និងឯកជននានា ចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ ក្នុងគម្រោងវិទ្យាសាស្រ្ត ដែលខ្លួនបានសិក្សាស្រាវជ្រាវផងដែរ។

លោកបន្តថា ពេលដែលយើងបានចាប់ផ្ដើមរៀបចំពិព័រណ៍វិទ្យាសាស្រ្តកាលពីឆ្នាំ២០១៥ ដែលជាឆ្នាំដំបូង នៃការកកើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក្នុងតំបន់ យើងបានមើលឃើញ មានក្ដីស្រមៃ និងទស្សនវិស័យរួចមកហើយ ក្នុងការបង្កើតឱកាសដល់សិស្សានុសិស្ស បានប្រលូកក្នុងការសិក្សាលើមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដែលកម្មវិធីសិក្សានេះ ត្រូវបានឲ្យឈ្មោះខ្លីថា ស្ទីម។ ក្នុងឆ្នាំ២០២៣ យើងជឿជាក់ក្នុងការនិយាយថា ពិព័រណ៍វិទ្យាសាស្រ្តរបស់ ឌូវី គឺជាគន្លឹះក្នុងការពង្រឹង លើកកម្ពស់គុណភាព និងលទ្ធផលអប់រំតាមបែបឌីជីថល។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុល សៀងហេង បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមឌូវី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង នាំគ្នាពង្រឹងលើវិស័យអប់រំ ទាំងសាលារដ្ឋ និងឯកជន ក្នុងនោះសិស្ស និស្សិត បានរៀនផ្នែកវិទ្យាសាស្ដ្រ គឺល្អបំផុតធ្វើឲ្យសិស្ស និស្សិតមានភាពរីកចម្រើន ទាំងផ្នែកសមត្ថភាព និងអភិវឌ្ឍន៍ខួរក្បាលកាន់តែខ្លាំង ជាធនធានជាមូលមនុស្សដ៏ល្អ សម្រាប់រួមចំណែកកសាងប្រទេសអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត៕