(ពោធិ៍សាត់)៖ មី៣០០កេស ត្រីខ៣០០យួរ ប្រេងឆា៣០០ដប ទឹកត្រី៣០០យួរ មីសួរ៣០០គីឡូក្រាមសម្រាបចែកជូនប្រជាពលរដ្ឋចាស់ជរា ទីទ័លក្រ នៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀងចំនួន៣០០គ្រួសារ និងអង្ករចំនួន២០០០គីឡូក្រាម ផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ដែលជាអំណោយរបស់លោកឧកញ៉ា ស៊ុយ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប និងលោកស្រី ដែលបានប្រារព្ធធ្វើនៅសាលាឆាន់ វត្តព្រះធាតុ នាថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៣។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលបានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្តល់ជូនអំណោយ បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ស៊ុយ គង់ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនព្រីនស៍ហូលឌីងគ្រុប និងលោកស្រី ព្រមទាំងបុត្រ មានដើមកំណើតនៅខេត្តពោធិ៍សាត់ បាននាំមកនូវគ្រឿងឧបភោគ បរិភោគចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រនៅក្នុងឃុំ ស្រែស្តុកចំនួន៣០០គ្រួសា។

សកម្មភាពនេះជាការចូលរួមធ្វើបុណ្យដាក់ទានដល់ជនចាស់ជរា គ្រួសារទីទ័លក្រ ស្ត្រីមេមាយមានកូនច្រើនតែងតែជួបកង្វះខាតស្បៀង ហើយអ្វីដែលម្ចាស់អំណោយចង់រួមចំណែកផងដែរនោះ គឺចង់ឲ្យលោកតា លោកយាយបានធ្វើបុណ្យនៅក្នុងរដូវចូលព្រះវស្សា រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាបុណ្យប្រពៃណីរបស់ខ្មែរយើង។

លោកបានថ្លែងថា ប្រជាពលរដ្ឋយើង ភាគច្រើនគឺជាប្រជាកសិករធ្វើស្រែចំការ ចិញ្ចឹមសត្វ គឺជាមុខព្រួញយ៉ាងសំខាន់ក្នុងការបង្កើនជីវភាពគ្រួសារ ដូច្នេះសូមឲ្យបងប្អូន បង្កើនការដាំដុះ ចិញ្ចឹមសត្វកុំទុកដីនៅទំនេ បើកាលណាគ្រួសារនីមួយៗខិតខំព្យាយាមគ្រួសារនោះ ពិតជាមានជីវភាពធូរធាជាក់ជាមិនខាន។

តាមរយៈនេះដែរលោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បង្កើននូវការប្រុងប្រយ័ត្នអំពីជំងឺ គ្រោះធម្មជាតិ ចូលរួមថែរក្សាអនាម័យ បរិស្ថានស្អាតល្អ ពោលគឺផ្ទះសម្បែង ភូមិឋានគ្មានសំរាម នាំមកនូវសុខភាពល្អ និងសុភមង្គលដល់គ្រួសារ និងសង្គមជាតិ។ សូមបញ្ជាក់ថាអំណោយរបស់ឧកញា ស៊ុយ គង់ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រីនស៍ហូលធីងគ្រុប និងលោកស្រី ព្រមទាំងបុត្រ ដែលបានចែកជូនប្រជាពលរដ្ឋចាស់ជរា និងទីទ័លក្រ ចំនួន៣០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានមី១កេស ត្រីខ១យួរ ទឹកត្រីមួយួរ ប្រេងឆា១ដប និងមីសួរ១គីឡូក្រាម ដោយឡែកអង្ករចំនួន២តោន ផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកកណ្តៀង។

នៅថ្ងៃនោះដែរ លោកអភិបាលខេត្តបានចូលរួមថវិកា៥០០ដុល្លារអាមេរិក លោកឧកញ៉ា ស៊ុយ គង់ ព្រមទាំងបុត្របានប្រគេនបច្ច័យ ចំនួន១០០០ដុល្លារអាមេរិក និងលោក លឹម ថៃភាង ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងក្រុមគ្រួសារ ថវិកា១លានរៀល និង៧០០ដុល្លាអាមេរិក ព្រមទាំងទេយ្យទានគ្រឿងឧបភោគ បរិភោគជាច្រើនទៀតប្រគេនដល់ព្រះសង្ឃវត្តព្រះធាតុផងដែរ។

បន្ទាប់មកលោកអភិបាលខេត្ត និងលោក លឹម ថៃភាង ទីប្រឹក្សារាជរដ្ឋាភិបាល ក៏បាននាំយកសម្ភារៈសិក្សា ចែកជូនកុមារសាលាបឋមសិក្សា អូរបាយក្រៀម ស្ថិតក្នុងភូមិគៀន ឃុំកោះជុំ ស្រុកកណ្តៀង ចំនួន៨០នាក់ ដោយម្នាក់ៗទទួលបាននូវកាតាប១ ក្រៅពីនោះសម្ភារៈសិក្សា សម្ភារៈអនាម័យ និងថវិកាមួយចំនួនផងដែរ៕