(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងជួរថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទពាក់ព័ន្ធ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូជាច្រើនរូប។
ពិធីសំណេះសំណាល និងទទួលនូវអង្ករប្រមាណ ១៤តោន ពីសប្បុរសជននេះ ប្រព្រឹត្តធ្វើឡើង នៅសាលាខេត្តកំពត។
នាឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់ឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងការជួយប្រជាជនដែលមានជីវភាព លំបាកជាងគេ គឺជាអាទិភាព ដែលបានបង្ហាញឱ្យឃើញពីការគិតគូយ៉ាងយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ប្រមុខថ្នាក់ដឹកនាំ។
លោកថា ការចូលរួមផ្តល់ជាអំណោយសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រក្រីជួបការលំបាក គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពលំបាក ទៅតាមលទ្ធភាពដែលយើងមាន តាមរយៈរដ្ឋបាលខេត្តកំពត។ មិនតែប៉ុណ្ណោះ ការចូលរួមនេះទៀតសោត ក៏ជាការតបស្នងសងគុណនូវទឹកដីកំណើត និងតបស្នងសងគុណដល់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ ដើម្បីប្តូរយកមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន ហើយសម្តេចមិនដែលទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ឃ្លាននោះទេ។
លោកអភិបាលខេត្ត បានបញ្ជាក់បន្តថា អំណោយជាអង្ករដែលទទួលបាននាពេលនេះ នឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅ ធ្វើយ៉ាងណាឱ្យស្របទៅតាមការដាក់ចេញរបស់ប្រមុខរាជរដ្ឋាភិបាល គឺ «ជួយប្រជាជនដែលមានជីវភាព លំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមបណ្ឌិត នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត»។
បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពត បានផ្តល់នូវអង្ករទៅតាមបណ្តាក្រុង-ស្រុកជារៀងរាល់ខែ ដើម្បីឱ្យក្រុង-ស្រុកទាំងនោះ ធ្វើការបែងចែកទៅឱ្យប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ជួបការលំបាក ទៅតាមការជាក់ស្តែង។
គួរបញ្ជាក់ថា សប្បុរសជនដែលឧបត្ថម្ភអង្ករជូនរដ្ឋបាលខេត្តកំពត រួមមាន៖ លោក ជា ឡុង និងលោកស្រី តុញ ស៊ីថាវី បានឧបត្ថម្ភអង្ករ ចំនួន១០តោន, លោកឧកញ៉ា ទុំ សារ៉ុត (ហៅនាយឃ្លោក) និងលោកស្រី ជឹម សំអូន ឧបត្ថម្ភអង្ករ ១តោន, លោកស្រី លឹម ពេជ្រសុវណ្ណ អង្ករ ១តោន, លោកស្រី ហេង លីនី អង្ករ ២តោន សរុប១៤តោន៕