(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់ថា សម្តេចទើបទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» កាលដែលសម្តេច ទៅចូលរួមនៅក្នុងវេទិកាភាពជាអ្នកដឹកនាំ របស់អាស៊ី ក្នុងប្រទេសឡាវ។ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ប្រាប់ថា ការទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» គឺមិនមែនគ្រាន់តែជារបស់សម្តេច ដាច់ដោយឡែកឡើយ ពានរង្វាន់នេះ គឺជា របស់រួមរបស់ប្រជាពលរដ្ឋ ដែលបានគាំទ្រ ឲ្យសម្តេចដឹកកាំប្រទេសកម្ពុជា ចូលទៅក្នុងក្របខណ្ឌអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ ខណៈសម្តេចចូលរួមធ្វើជាអធិបតីភាព ចាក់បេតុងតភ្ជាប់ស្ពានកោះធំ ដែលជាស្ពានថ្មីមួយទៀត ដែលឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានទទួលនូវការអញ្ជើញឲ្យចូលរួមនៅក្នុងវេទិកាភាពជាអ្នកដឹកនាំ របស់អាស៊ី និងទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» ហើយនេះ មិនមែនគ្រាន់តែជារបស់ ហ៊ុន សែនដាច់ដោយឡែក ក៏ប៉ុន្តែជារបស់រួម របស់ប្រជាពលរដ្ឋកម្ពុជា ដែលបានគាំទ្រខ្ញុំឲ្យដឹកនាំប្រទេសកម្ពុជា ចូលក្នុងក្របខណ្ឌអាស៊ាន»។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា បើយើងមិនមែនជាសមាជិកអាស៊ាន គេក៏មិនផ្តល់ឲ្យយើងដែរ ដូច្នេះប្រជាពលរដ្ឋដែរបានគាំទ្រសម្តេចគាំទ្រគណបក្សប្រជាជនកម្ពុជា និងគាំទ្រឲ្យកម្ពុជា ធ្វើកិច្ចសន្យាក្នុងក្របខណ្ឌអាស៊ាន ពិតជាបង្កើតនូវសមិទ្ធិផលជាច្រើននៅកម្ពុជា និងអាស៊ាន។
សម្តេចក៏បានឧទ្ទិសភាពជោគជ័យនេះ ជូនដល់ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋអាស៊ានទាំងមូល ចំពោះការទទួលបានពានរង្វាន់ «សមិទ្ធផលអាស៊ានមួយជីវិត» នាពលេនេះផងដែរ៕
ខាងក្រោមនេះ ជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖