(ភ្នំពេញ)៖ ឧកញ៉ា វេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំ អេជី ដែលមានសាលារៀនអារីហ្សូន សាលាអន្តរជាតិហ្គ្រេនម៉ោន និងមជ្ឈមណ្ឌលបណ្តុះបណ្តាល អេជីជាបុត្រសម្ព័ន្ធ បានក្រើនរំលឹកដល់បងដល់ប្អូនៗ ដែលបានទទួល វិញ្ញាបនបត្តិបញ្ចប់ ការសិក្សា និងប្អូនៗសិស្សពូកែទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងសិក្សាបន្ថែមទៀត នៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគត។

ការក្រើនរំលឹកនេះ បានធ្វើឡើងក្នុងពិធី «បើកបវសនកាលថ្មីឆ្នាំសិក្សា ២០២៣-២០២៤ និងប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកប្រចាំឆ្នាំសិក្សា ២០២២-២០២៣» ដោយមានការអញ្ជើញចូលរួមពី ឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ស្ថាបនិក និងប្រធាននាយកប្រតិបត្តិ នៃស្ថាប័នអប់រំអេជី និងលោកស្រី ទា ដាវី គណៈគ្រប់គ្រងគ្រប់កម្រិត ទីប្រឹក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងភ្ញៀវកិត្តិយសជាង៣០០នាក់។

នាឱកាសនោះដែរ លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានថ្លែងថា ក្រោយពីព្រឹត្តិការណ៍បោះឆ្នោតថ្ងៃទី២៣ ខែកក្កដា មកទល់ពេលនេះ ជាពិសេសគឺចាប់ពីថ្ងៃទី២១ ខែសីហាកន្លងនេះ។ ព្រះមហាក្សត្រនៃយើងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ក៏ដូចជាប្រមុខនៃស្ថាប័នអប់រំ ស្ថាប័នកំពូលកំពូល នៃជាតិទាំង៣ រួមមាន៖ ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល បានឯកភាពគ្នាបោះឆ្នោតជ្រើសរើសផ្ដល់សុពលភាពដល់តំណាងរាស្ត្រ ២៥រូប គឺការបោះឆ្នោតសម្រេចជាឯកច្ឆន្ទគាំទ្រសមាសភាពរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោក កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្លាស់ប្ដូរមួយរបស់ជាតិដែលកម្ពុជា មានការបោះជំហានទៅមុខ។

លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានជឿជាក់ថា ក្រោមការដឹកនាំប្រមុខរាជរដ្ឋាភិបាលថ្មី ពោល គឺឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងនាំនាវាកម្ពុជាកាន់តែអភិវឌ្ឍន៍ និងមានវឌ្ឍនភាពឆ្ពោះទៅមុខទៀត។ ដើម្បីបន្តស្នាដៃពីបុព្វបុរសជំនាន់មុនៗ ដែលបានត្រួតត្រាយផ្លូវតាំងពីប្រទេសមានសង្គ្រាម រហូតទទួលបានការបញ្ចប់សង្គ្រាមហើយមានការអភិវឌ្ឍន៍ស្ទើរតែគ្រប់វិស័យ។

ជាមួយគ្នានេះ កញ្ញា ណន ស្រីទូច នាយិកាសាលាអន្តរជាតិ ហ្គេនម៉ោន (GMIS) បានលើកឡើងថា៖ GMIS គឺជាសាលាអន្តរជាតិ ដែលផ្តល់ជូននូវកម្មវិធីសិក្សាដ៏សម្បូរបែប រួមមាន៖ កម្មវិធីសិក្សាជាតិ(NC) និងកម្មវិធីសិក្សាអន្តរជាតិរបស់ ចក្រភពអង់គ្លេស ពោលគឺ(UK Cambridge IGCSE) កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ (EAL) និងកម្មវិធី សិក្សាភាសាអង់គ្លេសសម្រាប់គោលបំណងជាក់លាក់ (ESP)ផងដែរ។ យើងផ្ដោតសំខាន់ក្នុងការបណ្ដុះបណ្តាល សិស្សានុសិស្ស ឱ្យមានទាំងវិន័យ សីលធម៌ និងគុណភាព បណ្តុះស្មារតីសិស្សានុសិស្សឱ្យមានភាពក្លាហាន និងភាពជា អ្នកដឹកនាំដោយផ្សារភ្ជាប់ការសិក្សាទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង គួបផ្សំជាមួយនឹងសកម្មភាពសិក្សាបន្ថែមដូចជា ៖ កីឡា សីល្បៈព័ត៌មានវិទ្យា របកគំហើញថ្មី ពោលគឺ STEM (Science, Technology, Engineering, Mathematics)ជាអាទិភាព។ បច្ចុប្បន្ន GMIS មានបុគ្គលិកបម្រើរការងារសរុបទាំងអស់ចំនួន៦៨នាក់ (បរទេសចំនួន ១១ នាក់) និងសិស្សានុសិស្សកំពុងសិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ សរុបចំនួន ៤៨៨នាក់។

ជាថ្មីម្ដងទៀត លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានបញ្ជាក់ថា សម្រាប់សិក្សានុសិស្ស ដែលផ្ទេរពីសាលានានា ទាំងសាធារណៈ ទាំងឯកជន សម្រាប់សិស្សពូកែជាប់ចំណាត់ថ្នាក់លេខ១ អាហារូបករណ៍តហូតដល់៨០%។ រីឯសិស្សថ្មី គឺបង់ថ្លៃសិក្សាមួយឆ្នាំ រៀនបាន២ឆ្នាំសិក្សា។ ជាចុងក្រោយ លោកបានបន្តថា ពិភពលោកមានការប្រែប្រួលឥតឈប់ឈរ ទាំងចំណេះដឹងទាំងវិទ្យាសាស្រ្តជាពិសេស គឺសម័យឌីជីថលនេះ សូមឱ្យសិស្សានុសិស្សទាំងអស់ប្រើពេលវេលា អោយមានប្រយោជន៍ គឺចំណាយទៅលើការសិក្សា គឺដើម្បីដើរឱ្យទាន់បណ្ដាប្រទេសនានា៕