(សៀមរាប)៖ សមាគមសហគ្រិនស្ត្រីកម្ពុជា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម ឆ្នាំ២០២៣ ដើម្បីបង្ហាញពីសមត្ថភាព ទេពកោសល្យ ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន។ ពិធីនេះបានធ្វើឡើងនៅសណ្ឋាគារអង្គរមីរ៉ាខលរីហ្សត-ស្ប៉ា ខេត្តសៀមរាប។

កម្មវិធីប្រកួតប្រជែងនេះបានធ្វើឡើងក្រោមវត្តមានលោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ, លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា, លោក ភឿង គីមលី ប្រធាន​មន្ទីរពាណិជ្ជកម្មខេត្ត, លោក ជា វុធឡុង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត និងនវានុវត្តន៍, លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្ត, លោកស្រី ចេន សុភាព ស្ថាបនិក/នាយកាគ្រប់គ្រងសហគ្រាសកីតម្បាញខ្មែរ (KTK) និងមានការចូលរួមពីសហគ្រិនស្ត្រីជាច្រើនផងដែរ។

ថ្លែងក្នុងកាសនោះដែរ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប បានលើកឡើងថា គោលបំណងនៃការរៀបចំកម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើម២០២៣នេះឡើង ក្នុងគោលបំណងលើកកម្ពស់ភាពអង់អាចភាពក្លាហានរបស់ស្ត្រី ការផ្តល់ឱកាសឱ្យស្រ្តីបានបញ្ចេញ ឬបង្ហាញនូវ​សក្តានុពលរបស់ខ្លួនក្នុងភាពជាអ្នកដឹកនាំការងារ អាជីវកម្ម នវានុវត្តន៍ការកែច្នៃប្រឌិត យុទ្ធសាស្រ្តក្នុងការអាជីវកម្ម។

លោកស្រី ជា សុកនួន បានបន្តថា នឹងបំផុសលក្ខណៈពិសេសរបស់ខ្លួនម្នាក់ៗមកបង្ហាញ ដោយពួកគាត់មិនបានដឹងថា តើគាត់មានចំណុចសំខាន់អ្វីខ្លះក្នុងការធ្វើអាជីវកម្ម និងគ្រួសារ ព្រមទាំងអាជីវកម្មរបស់គាត់មានផលប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ ហើយមានការលើកទឹកចិត្ត និងជ្រោមជ្រែងពីគ្រួសារយ៉ាងដូចម្តេចខ្លះ ពិសេសជាងនេះទៅទៀតឱ្យពួកគាត់បានយល់ពីសហគ្រិនភាពរបស់គាត់ ដែលជាកត្តាមួយជះឥទ្ធិពលយ៉ាងខ្លាំងដល់ទិដ្ឋភាពនៃសង្គម និងសេដ្ឋកិច្ច ពីព្រោះស្ត្រី គឺជាប្រភពនៃថាមពលដែលមិនចេះរីងស្ងួត។

លោកស្រី ជា សុកនួន បានបន្ថែមថា សមាគមតែងសង្កេតឃើញថា បងប្អូនស្ត្រី ដែលជាសមាជិក សមាជិការបស់យើងទាំងអស់គ្នា គឺជាស្ត្រីដែលពោរពេញទៅដោយមានភាពវ័យឆ្លាត ហើយយើងក៏មានបំណងបង្ហាញដល់សាធារណជនបានយល់ថា អ្វីគ្រប់យ៉ាង គឺស្រ្តីអាចធ្វើបាន មិនមានអ្វីជាឧបសគ្គសម្រាប់ស្រ្តីឡើយ ទោះបីជាស្ត្រីខ្លួនជាមេផ្ទះ មើលថែគ្រួសារ ខ្លួនក៏អាចប្រកបអាជីវកម្មដំណើរគ្នាក្នុងពេលតែមួយបាន ហើយអាចទទួលបានជោគជ័យទាំងអស់។

លោកឧកញ៉ា ហ៊ុយ ភៀវ បានលើកឡើងថា ការមានគំនិតជាសហគ្រិន ជាផ្នត់គំនិតមួយដ៏សំខាន់ដោយចូលរួមជំរុញចលនាសេដ្ឋកិច្ចឱ្យល្អប្រសើរឡើង ប៉ុន្តែរឿងដែលពិបាកមានភាពជាសហគ្រិនហើយ ត្រូវធ្វើជាសហគ្រិនដែលមានភាពជោគជ័យ គឺជារឿងមួយដែលកាន់តែលំបាក ហើយប្រឈមនឹងបញ្ហាច្រើនដើរបណ្ដើរដោះស្រាយបណ្ដើររហូតដល់គោលដៅដែលខ្លួនចង់បាន។

លោកឧកញ៉ា បានបន្តថា ស្ត្រីខ្មែរកាន់តែមានភាពវៃឆ្លាត ពិនប្រសប់ក្នុងការធ្វើអាជីវកម្ម បែបឌីជីថល ដូចក្នុងពិធីនេះស្រាប់។ ហើយសហគ្រិនដែលមានវត្តមានចូលរួមប្រកូតទាំងអស់ សុទ្ធតែមានសមត្ថភាព និងគំនិតច្នៃប្រឌិតខ្ពស់ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន។

លោកឧកញ៉ា ហ៊ុយ ភៀវ ក៏បានជំរុញដល់សមាគមសហគ្រិនស្ត្រីកម្ពុជា ត្រូវបង្កើតកម្មវិធីប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមបន្តទៀត ដើម្បីឲ្យសហគ្រិនមានឱកាសបង្ហាញពីសមត្ថភាព ទេពកោសល្យ ក្នុងការធ្វើអាជីវកម្មរបស់ខ្លួននៅក្នុងសង្គម និងលើកកម្ពស់របស់កម្ពុជាកាន់តែមានការរីកចម្រើនថែមទៀត៕