(បន្ទាយមានជ័យ)៖ ក្រុមការងារអន្តរក្រសួង-ស្ថាប័ន រួមមាន ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្រសួងផែនការ, នឹងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាចុះផ្សព្វផ្សាយ និងបន្តយុទ្ធនាការសម្ភាសផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព នៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

យុទ្ធនាការផ្តល់បណ្ណសមធម៌ជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ បានប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មានការដឹកនាំសម្របសម្រួលដោយលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម រួមជាមួយថ្នាក់ដឹកនាំក្រសួងផែនការ និងតំណាងស្ថាប័ន-ពាក់ព័ន្ធនានាមួយចំនួនទៀត។

យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តីដែលបម្រើការនៅតាមរង្គសាល, ឌីស្កូតែក, ខារ៉ាអូខេ, បៀរហ្កាឌិន, កន្លែងម៉ាស្សា និងស្ប៉ា ទទួលបាននូវការគាំពារផ្នែកថែទាំសុខភាពដោយឥតបង់ថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងអត្ថប្រយោជន៍គាំពារសង្គមផ្សេងៗទៀត ពីរាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ «មិនបោះបង់ពលរដ្ឋណាម្នាក់»

តាមរយៈយុទ្ធនាការនេះ ក្រុមងារ ថែមទាំងបានចុះផ្សព្វផ្សាយនៅតាមខ្នងផ្ទះ និងទីកន្លែង ដែលពួកគាត់ដែលបម្រើការងារផងដែរ។
លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គមបានថ្លែងថា របបមូលនិធិសមធម៌សុខាភិបាល គឺជារបបថ្មីបន្ថែមមួយទៅលើកម្មវិធីគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីផ្តោតការយកចិត្តទុកដាក់ទៅលើការថែទាំសុខភាពរបស់បុគ្គលដែលបម្រើការងារនៅក្នុងសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសារតែពួកគាត់គឺជាក្រុមដែលចាត់ទុកថាងាយរងគ្រោះជាពិសេសផ្នែកសុខភាព។

លោកបន្តថា តាមរយៈយុទ្ធនាការនេះ បុគ្គលដែលបម្រើការក្នុងវិស័យនឹងទទួលបានបណ្ណមូលនិធិសមធម៌សុខាភិបាល(ម.ស.ស) ហើយសម្រាប់អ្នកដែលមានបញ្ហាលំបាកផ្នែកជីវភាព នឹងទទួលបណ្ណសមធម៌ឬបណ្ណក្រីក្រ។

លោក ថេង បញ្ញាធន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ បានឱ្យដឹងថា យុទ្ធនាការដែលរៀបចំឡើងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនេះ គឺជាយុទ្ធនាការលើកទី២ ដែលក្រុមការងារអន្តរស្ថាប័នបានរៀបចំឡើង ដែលកាលពីលើកទី១ធ្វើនៅវត្តភ្នំ ក្រុងភ្នំពេញ។ ការសម្រេចធ្វើយុទ្ធនាការនៅក្រុងប៉ោយប៉ែតនេះ ដោយសារតែនៅតំបន់នេះ ចំនួនអ្នកបម្រើការងារក្នុងវិស័យសេវាកម្សាន្តមានចំនួនច្រើនគួរឱ្យកត់សម្គាល់។

លោកបន្តថា សម្រាប់អ្នកដែលមកសម្ភាស នៅក្នុងយុទ្ធនាការនេះ គឺទទួលបានបណ្ណភ្លាមៗ ដើម្បីយកទៅព្យាបាលសុខភាពដោយឥតគិតថ្លៃនៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនានា។ ប៉ុណ្តែសម្រាប់អ្នកដែលមានកិច្ចការរវល់មិនបានមកសម្ភាសន៍ ក៏អាចធ្វើបានដែរនៅតាមឃុំសង្កាត់ដើម្បីសម្ភាសទទួលបានបណ្ណនេះ។
ជាមួយគ្នានេះ លោកបញ្ជាក់ថា សម្រាប់អ្នកដែលមានឈ្មោះរួចម្តងហើយនៅក្នុងបណ្ណសមធម៌ មិនអាចមកសុំម្តងទៀតនោះទេ។

លោកគូសបញ្ជាក់ថា៖ «យើងអត់ចង់ឱ្យពួកគាត់បាត់បង់ឱកាសទេ បើសិនជាពួកគាត់ជាអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយគាត់មានឈ្មោះនៅក្នុងគ្រួសារតែមានបណ្ណសមធម៌រួចហើយ អ៊ីចឹងពួកគាត់អត់អាចមកសុំបានទៀតទេ បើសិនជាមកសុំនៅទីនេះ ប្រព័ន្ធរបស់យើងចាប់បានថាគាត់មានឈ្មោះហើយវាអាចប៉ះពាល់ ឬបើសិនជាចាប់មិនបាន ហើយជ្រុលចេញបណ្ណ២ត្រូតគ្នា នៅពេលដែលគាត់ទៅបើកលុយប្រព័ន្ធយើងចាប់មួយសារទៀត គាត់នឹងបាត់បង់ឱកាស»
សូមជម្រាបថា មូលនិធិសមធម៌សុខាភិបាល សំដៅដល់យន្តការហិរញ្ញប្បទាន ផ្នែកគាំពារសុខភាពសង្គម ដើម្បីផ្តល់លទ្ធភាពដល់ក្រុមពលរដ្ឋគោលដៅ ឱ្យទទួលបាន ឬប្រើប្រាស់សេវាថែទាំសុខភាពដោយឥតបង់ថ្លៃ នៅមូលដ្ឋានសុខាភិបាលសាធារណៈ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។ កន្លងមក មូលនិធិសមធម៌សុខាភិបាល បានផ្តល់ការគាំពារផ្នែកសុខភាព ជូនពលរដ្ឋដែលមានបណ្ណសមធម៌ប្រមាណ ៧០ ម៉ឺននាក់ ស្នើនឹង ២.៨ លាននាក់ និងកម្មករនិយោជិតក្រៅប្រព័ន្ធ និងក្រុមគោលដៅជាក់លាក់ រួមមានមេភូមិ, អនុភូមិ, ជំនួយការភូមិ, ក្រុមប្រឹក្សាឃុំ-សង្កាត់, កីឡាករ-កីឡាការិនី, អ្នកធាក់ស៊ីក្លូ និង បុគ្គលិក និងអ្នកជំនាញដោះមីន ប្រមាណ ១០ម៉ឺននាក់។

ក្នុងការទទួលសេវាសុខាភិបាល បុគ្គលបម្រើការក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវប្រើប្រាស់មូលដ្ឋានសុខាភិបាលសាធារណៈ ដោយអនុវត្តតាមប្រប្រព័ន្ធផ្ដល់សេវា ពីថ្នាក់បឋមនៅមូលដ្ឋានសុខាភិបាលថ្នាក់ទាប ទៅមូលដ្ឋានសុខាភិបាលថ្នាក់ខ្ពស់ជាង លើកលែងតែក្នុងករណីសង្រ្គោះបន្ទាន់ប៉ុណ្ណោះ៕