(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាស​ដាក់ចេញ​យុទ្ធនា​ការ​កាត់​បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាមួយសិស្សានុសិស្សនៅតាមសាលារៀន។ យុទ្ធនាការ​នេះ បាន​ចាប់​​ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣តទៅ ដោយផ្តើមដំបូងនៅតាមសាលា​រៀន​ទាំង​៤៤ កន្លែងនៅទូទាំងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ថង់ប្លាស្ទិកជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភ ដែលកំពុងរីករាលដាលនៅលើសកលលោក។ ជារៀងរាល់ឆ្នាំសំណល់ប្លាស្ទិកចំនួន ៣០០លានតោន ត្រូវបានបង្កើត ហើយត្រូវការរយៈពេល ១ពាន់ឆ្នាំ ដើម្បីរលាយ។ បញ្ហានេះ ក៏កំពុងកើតឡើងនៅកម្ពុជាផងដែរ។ កំណើនប្រជាជន និងការលូតលាស់សេដ្ឋកិច្ចយ៉ាងឆាប់រហ័សបាននាំឱ្យបរិមាណសំណល់មានការកើនឡើងយ៉ាងខ្លាំង។ នៅរាជធានីភ្នំពេញ សំណល់ជាំង ៣,៥០០តោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ដែលក្នុងនោះ ២០ភាគរយជាប្លាស្ទិក។

ការអប់រំឱ្យប្រជាពលរដ្ឋយល់ពីផលលំបាក ពីឥទ្ធិពលអាក្រក់នៃប្លាស្ទិកសម្រាប់បរិស្ថាន និង​ជីវិត គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅសម្រេចនូវផែនការកាត់បន្ថយការប្រើប្រាស់​ប្លា​ស្ទិក។ អាស្រ័យហេតុនេះហើយ ទើបលោក អ៊ាង សុផល្លែត ចាប់យកយុទ្ធនាការកាត់បន្ថយ​ប្លាស្ទិកជាមួយសិស្សានុសិស្សនៅតាមសាលារៀន។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសំណូមពរសិស្សានុសិស្សទាំងអស់គ្នា ចូលរួមៗក្នុង​យុទ្ធនា​ការ​កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទាំងអស់គ្នា «ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង»

ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រង​សា​លា ជាពិសេសសិស្សនានុសិស្ស នៅអនុវិទ្យាល័យ ហ៊ុន សែន ទួលសុភី ឃុំទួលសុភី ស្រុក​អូរ​រាំងឪ ខេត្តត្បូងឃ្មុំ បានប្រកាសប្តេជ្ញាចិត្តចូលរួម ក្នុងយុទ្ធនាការនេះ និង បានសន្យាមិន​ប្រើថង់​ប្លាស្ទិកជាដាច់ខាត។

សូមបញ្ចាក់ថា ការគ្រប់គ្រងសំណល់រឹង សំរាមគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ ដើម្បី​ចូល​រួមការពារ ពង្រឹង ការគ្រប់គ្រងបរិស្ថាន ក្រសួងបរិស្ថានបានបង្កើតច្បាប់ បទដ្ឋានគតិយុត្ដ​ជាច្រើន​ក្នុងនោះមានច្បាប់ធំៗ ក្នុងនោះក្រមបរិស្ថានដែលមានវិសាលភាព​គ្របដណ្ដប់លើការ​ងារពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិដោយការធ្វើសមាហរណកម្មច្បាប់ និងលិខិត​បទ​ដ្ឋានគតិយុត្ដពាក់ព័ន្ធដែលមានស្រាប់។ ទន្ទឹមនេះប្រជាពលរដ្ឋមានការចូលរួម​ក្នុងសកម្ម​ភាព​​​មេត្រីបរិស្ថាន ហើយបានចាត់ទុកទីក្រុង ទីប្រជុំជន ភូមិឋាន និងផ្ទះដែលកំពុងរស់នៅ ដែលចាំបាច់ត្រូវតែស្អាត មានអនាម័យជាប្រចាំ ដើម្បីរក្សាសោភណភាពមូលដ្ឋាន និងលើកតម្កើងសុខុមាលភាពសាធារណៈ។

ផ្តើមចេញពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក សិស្សានុសិស្សនៅតាមសាលារៀន អាចចាប់ផ្តើមនូវការតាំងចូលរួមសកម្មភាពជាក់ស្តែងឌែលបានលើកឡើងថា «ថ្ងៃនេះ ខ្ញុំមិនប្រើ​ប្រាស់ស្ទិក»