(ភ្នំពេញ)៖ បន្ទាប់ពីអនុញ្ញាតឱ្យចុះឈ្មោះរយៈពេល១ខែមកនេះ វគ្គសិក្សាថ្មីស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) បានចាប់ផ្តើមចូលរៀនហើយ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅស្នាក់ការ FTC។
វគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានសេដ្ឋកិច្ច ជំនាន់ទី១នេះ មានសិក្ខាកាមចូលរួមជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស-និស្សិត បុគ្គលិកឯកជន អង្គការសង្គមស៊ីវិល រួមទាំងអ្នកសារព័ត៌មានផងដែរ។
វគ្គសិក្សាថ្មីស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» បង្រៀនផ្ទាល់ដោយ លោក អាន ស៊ីថាវ អ្នកជំនាញព័ត៌មានសេដ្ឋកិច្ច មានពិសោធន៍ការងារប្រមាណ១៥ឆ្នាំ លើវិស័យសារព័ត៌មានដូចជា កាសែត វិទ្យុ និងទូរទស្សន៍នានានៅកម្ពុជា។ ក្រៅពីនេះ លោក អាន ស៊ីថាវ ធ្លាប់ទទួលបានការបណ្ដុះផ្នែកព័ត៌មានសេដ្ឋកិច្ច និងការសិក្សាស្រាវជ្រាវផ្នែកព័ត៌មានសេដ្ឋកិច្ចពីប្រទេសនានា ដូចជា អូស្រ្តាលី ជប៉ុន សិង្ហបុរី ហ្វីលីពីន និងថៃជាដើម។
វគ្គសិក្សាផ្ដោតលើមូលដ្ឋាន៣ចំណុចធំៗ៖ ទី១៖ វិសាលភាពនៃប្រភពព័ត៌មានសេដ្ឋកិច្ចនៅកម្ពុជា ទី២៖ គន្លឹះក្លាយជាអ្នកព័ត៌មានសេដ្ឋកិច្ចជំនួញប្រកបដោយវិជ្ជាជីវៈ និងទី៣៖ និន្នាការ និងតម្រូវការព័ត៌មានសេដ្ឋកិច្ច នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
នៅថ្ងៃដំបូង នៃវគ្គសិក្សានេះ លោក អាន ស៊ីថាវ បានបង្ហាញអំពីសារសំខាន់ នៃព័ត៌មានសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសេដ្ឋកិច្ច ជំនួញ និងការអភិវឌ្ឍជាតិ។ លោកអនុញ្ញាតឱ្យសិក្ខាកម្មទាំងអស់ ឡើងមានចំណាប់អារម្មណ៍ និងសំណេះសំណាល ដើម្បីជាមូលដ្ឋានក្នុងការទំនាក់ទំនង និងការបង្ហាត់បង្រៀនអំពីជំនាញនេះ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។
FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង៕
សម្រាប់ព័ត៌មានលម្អិត ឬមានចំណាប់អារម្មណ៍ក្នុងការចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel: 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC តាមរយៈ
Tel: 092 322 334
Telegram: https://t.me/Raksmey_FN
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និងចុះឈ្មោះ FTC
Tel: 012 876 948
Telegram: https://t.me/rinmanikfn