(ភ្នំពេញ)៖ អង្គការអន្តរជាតិខាងការងារ ILO បានបង្ហាញរបាយការណ៍ផ្លូវការបស់ខ្លួនថា កម្ពុជាជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចបំផុតត្រឹម ០.៥% ប៉ុណ្ណោះ ដែលមានន័យថា អ្នកមានការងារធ្វើមានរហូតដលើ ៩៩.៥% ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសកាតា (០.១%) ដែលមានអត្រាអ្នកអត់ការងារទាបជាងគេក្នុងចំណោម១៨៥ប្រទេស។
តាមរយៈរបាយការណ៍ដែលអង្គការអន្តរជាតិខាងការងារ (ILO) បានរកឃើញធ្វើឡើងនៅក្នុងឆ្នាំ២០១៩ អង្គការអន្តរជាតិខាងការងារ (ILO) ក៏បានបញ្ជាក់ថា ប្រទេសដែលមានអត្រាការងារធ្វើខ្ពស់ផ្សេងៗទៀត រួមមាន៖ កាតា ម៉ុលដូវ៉ា ម៉ាឡាវី ប៊ូរុនឌី ឆាដ ថៃ អាល្លឺម៉ង់ជាដើម សុទ្ធតែជាប្រទេសដែលមានអត្រាអត់ការងារធ្វើតិចតួច។
តាមនិយមន័យក្នុងការកំណត់អត្រាអ្នកអត់ការងារធ្វើ ឬភាពមានការងារធ្វើសម្រាប់ប្រទេសកម្ពុជា គឺមិនខុសពីបណ្តាប្រទេសនានានៅលើពិភពលោក រួមបញ្ចូលទាំងប្រទេសជប៉ុន សហរដ្ឋអាម៉េរិក ឡាវ វៀតណាមជាដើម ដោយប្រើប្រាស់នូវរបាយការណ៍តែមួយរបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានកំណត់ថា អ្នកមានការងារធ្វើ គឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែលក្នុងរយៈពេលកំណត់ណាមួយ (មួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ) បានចូលរួមទៅក្នុងសកម្មភាពនានាក្នុងការផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬការបង្កើតជាប្រាក់ចំណេញ ដែលក្នុងនោះរួមបញ្ចូលទាំងអ្នកដែលមានវត្តមាននៅកន្លែងធ្វើការ និងអ្នកដែលអវត្តមាននៅកន្លែងធ្វើការដោយសារតែការឈប់សម្រាកដោយសារមានជំងឺ ជាប់រវល់ធ្វើការសិក្សា ឬកត្តាផ្សេងៗ។
ដោយឡែក អ្នកគ្មានការងារធ្វើសំដៅលើ គឺសំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងវ័យធ្វើការ ដែល (១) មិនមានការងារ (២) ហើយកំពុងស្វែងរកការងារ (៣)និងអាចទទួលយកឱកាសការងារប្រសិនបើមាន។
ដោយផ្អែកលើនិយមន័យនេះ យើងសង្កេតឃើញថា ប្រទេសនៅលើពិភពលោកបានទទួលជំនួយបច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ ក្នុងបានប្រមូលនិងផលិតនូវទិន្នន័យទាក់ទងនឹងអ្នកមានការងារធ្វើ និងអ្នកគ្មានការងារធ្វើ ដែលយើងអាចទាញយកទិន្នន័យទាំងអស់នេះបានជាសាធារណៈពី https://ilostat.ilo.org/data/# ។ យោងតាមប្រភពទិន្នន័យរបស់ ILO នេះ បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសកម្ពុជារក្សាបាននូវអត្រាអ្នកអត់ការងារធ្វើ នៅក្នុងកម្រិតមួយទាបជាង ១% ហើយកម្រិតនៃអត្រាអ្នកអត់ការងារធ្វើនេះគឺទាបជាងគេប្រសិនបើប្រៀបធៀបជាមួយនឹងបណ្តាក្រុមប្រទេស ដែលមានសេដ្ឋកិច្ចប្រហាក់ប្រហែលកម្ពុជា និងទាបជាងបណ្តាប្រទេសនានានៅក្នុងតំបន់ ដូចជាប្រទេសថៃ វៀតណាម និងឡាវ៕