(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងជាលើកដំបូង ដើម្បីកំណត់របៀបរបបការងារ និងណែនាំការងារអាទិភាពមួយចំនួន ព្រមទាំងបែងចែកតួនាទីភារកិច្ចជូនដល់រដ្ឋលេខាធិការចំនួន១៨រូប និងអនុរដ្ឋលេខាធិការចំនួន១០រូប ក្នុងគោលដៅធានាលើការដឹកនាំក្រសួងឱ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបានជោគជ័យការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

លោករដ្ឋមន្រ្តី ហួត ហាក់ បានរំលឹកប្រសាសន៍សម្តេចតេជោ ដោយសង្កត់ធ្ងន់ថា «ការងារតូចតាចមិនល្អិតល្អន់ តើធ្វើយ៉ាងណាទើបអាចទទួលកិច្ចការធំបាន?» ក្នុងនាមជាក្រសួងអនុវត្តច្បាប់ យើងត្រូវអនុវត្តកំណែទម្រង់ផ្តើមចេញពីខ្លួនឯងជាមុន គឺត្រូវល្អិតល្អន់ជាមួយកិច្ចការងារតូចតាច ទើបអាចសម្រេចកិច្ចការធំបាន។

កំណែទម្រង់ដែលលោករដ្ឋមន្រ្តីបានលើកឡើង គឺសំដៅធានាលើការដឹកនាំក្រសួងឱ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

បន្ថែមពីនោះ លោករដ្ឋមន្រ្តីបានណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងវិន័យផ្ទៃក្នុងក្រសួង អនុវត្តតួនាទីភារកិច្ចដែលបានបែងចែកប្រកបដោយស្មារតីម្ចាស់ការ និងទទួលខុសត្រូវខ្ពស់ គោរពប្រតិបត្តិតាមរបៀបរបបការងារឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍សមូហភាពដឹកនាំបុគ្គលម្នាក់ៗទទួលខុសត្រូវ។

លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គប្រជុំត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងក្នុងអង្គភាព និងជាមួយអង្គការអន្តរជាតិនានា ជាពិសេសត្រូវបន្តយកចិត្តទុកដាក់លើការងារសង្គហមិត្តឱ្យបានជាប់ជាប្រចាំ៕