(តាកែវ)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ សមាគមបេសកកម្មដំណឹងល្អ ចែកអំណោយ ជាសម្ភារគ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋស្ថិតនៅភូមិលៀប ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ចំនួន ១២០គ្រួសារ។

នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ លោកបាននាំក្ដីនឹករលឹក គោរពស្រលាញ់របស់ លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ពីការដឹកនាំ ការគោរពស្រលាញ់គ្នាទៅវិញទៅមក ដោយរួមរស់ក្នុងម្លប់សន្តិភាព នូវស្នាមញញឹម និងភាពរីករាយ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ បន្ថែមពីនេះ ជាពិសេស គឺគោរពតាម គោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលជានិច្ចជាកាលតែងតែ ណែនាំដល់មន្រ្តីគ្រប់រូប គឺថា មិនត្រូវទុកឱ្យប្រជាជនស្លាប់ ដោយអត់អាហារបរិភោគនោះទេ។

ដោយការរស់នៅក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ នៅកម្ពុជា និងការធានា របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំ កែសម្រួល លើកទឹកចិត្ត ធ្វើយ៉ាងណា ដើម្បីបម្រើដល់សេចក្ដីត្រូវការជាក់ស្ដែង របស់ប្រជាជននៅតាមមូលដ្ឋាន។

ជាទឹកចិត្តនៃក្ដីស្រលាញ់ ក្នុងការសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ លោក ខាន់ ខុន បានចែកសម្ភារគ្រឿងឧបភោគ បរិភោគចំនួន ១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន១៥ គីឡូក្រាម មី១កេស ត្រីខ ១យួរ និងទឹកត្រី ១យួរ។

សូមបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះ បានមកពីរការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួម ជាការអធិដ្ឋាន និងចូលជាថវិកា តាមរយៈលោក ខាន់ ខុន ក្នុងការចុះជួយដល់ ប្រជាជនតាមសហគមន៍ ដើម្បីជួយដល់ប្រជាជនចាស់ជរា ជនពិការ អ្នកងាយរងគ្រោះផ្សេងៗ៕