(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក Ngo Van Tuan អគ្គសវនករ នៃការិយាល័យសវនកម្មរដ្ឋនៃប្រទេសវៀតណាម លោកស្រី បណ្ឌិត សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ បានដឹកនាំគណៈប្រតិភូអាជ្ញាធរសវនកម្មជាតិទៅចូលរួមកិច្ចប្រជុំត្រីភាគីលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ រវាងស្ថាប័នសវនកម្មនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងដាណាង ប្រទេសវៀតណាម។
កិច្ចប្រជុំនេះមានការចូលរួមពីលោក Ngo Van Tuan អគ្គសវនករនៃការិយាល័យសវនកម្មរដ្ឋនៃប្រទេសវៀតណាម និងលោក Viengthavisone THEPHACHANH អគ្គសវនករ នៃស្ថាប័នសវនកម្មរដ្ឋនៃប្រទេសទ្បាវ។
តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំត្រីភាគីលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ រវាងស្ថាប័នសវនកម្ម នៃប្រទេសកម្ពុជា, ឡាវ និងវៀតណាម ក្រោមប្រធានបទ «ការតាមដានការអនុវត្តអនុសាសន៍សវនកម្ម» ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះបានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំត្រីភាគីលើកទី១០ គឺដើម្បីពង្រឹងពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ចំណងសាមគ្គីភាព និងមិត្តភាពរវាងស្ថាប័នទាំងបី ព្រមទាំងពិភាក្សាផ្លាស់ប្តូរ និងចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងវិស័យសវនកម្មសាធារណៈ ព្រមទាំងពិភាក្សាលើយន្តការ កិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៤-២០២៥។
កិច្ចប្រជុំនេះបានដំណើរការដោយមានបទអន្តរាគមន៍ ស្តីពីវឌ្ឍនភាពក្រោយកិច្ចប្រជុំត្រីភាគីលើកទី៩ ជាពិសេសបច្ចុប្បន្នភាពនៃសមិទ្ធផលសម្រេចបានរបស់ស្ថាប័ននីមួយៗ និងសវនកម្មលើចំណូលពន្ធតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា ដោយអង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារសវនកម្មនេះ និងការរួមចំណែករបស់ស្ថាប័នសវនកម្មនីមួយៗ ចំពោះការរៀបចំក្របខណ្ឌគោលនយោបាយ ជាពិសេសយុទ្ធសាស្រ្តគៀរគរចំណូលរបស់ប្រទេសនីមួយៗ។
ភាគីទាំង៣ បានពិភាក្សាចែករំលែកបទពិសោធន៍ ស្តីពីការអនុវត្តការងារសវនកម្មតាមបែបគន្លងប្រក្រតីភាពថ្មី ដោយផ្តោតលើ៖
១៖ ស្ថានភាពទូទៅក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីរក្សាភាពធន់នៃសង្គមសេដ្ឋកិច្ច
២៖ ដំណើរការនៃការអនុវត្តការងារសវនកម្មតាមគន្លងប្រក្រតីភាពថ្មី
៣៖ សមិទ្ធផលដែលសម្រេចបានក្នុងអំទ្បុងពេលមានវិបត្តិ
៤៖ បញ្ហាប្រឈមដែលជួបប្រទះ និង
៥៖ ដំណោះស្រាយ និងទិសដៅខាងមុខ។
កិច្ចប្រជុំត្រីភាគីលើកទី១០នេះ បានលើកយកប្រធានបទ «ការតាមដានការអនុវត្តអនុសាសន៍សវនកម្ម» ដើម្បីធ្វើការពិភាក្សា និងចែករំលែកដោយផ្តោតលើ៖
១៖ ក្របខណ្ឌច្បាប់ និងអាណត្តិរបស់ស្ថាប័នស្តីពីការតាមដានការអនុវត្តអនុសាសន៍សវនកម្ម
២៖ ស្តង់ដារ គោលការណ៍ណែនាំ និងនីតិវិធីនៃការអនុវត្តការតាមដានការអនុវត្តអនុសាសន៍សវនកម្ម
៣៖ ឧត្តមមានុវត្តន៍ បញ្ហាប្រឈម និងទិសដៅបន្តក្នុងការធ្វើឱ្យប្រសើរនូវការតាមដានអនុសាសន៍សវនកម្ម ដើម្បីនាំមកនូវអត្ថប្រយោជន៍ឧត្តុង្គឧត្តមសម្រាប់ការអភិវឌ្ឍប្រទេសតាមរយៈការពង្រឹងតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ធនធានសាធារណៈ។
ដោយឡែក អាជ្ញាធរសវនកម្មជាតិ បានចែករំលែកចំណេះដឹង និងបទសោធន៍ស្តីពីការតាមដានការអនុវត្តអនុសាសន៍សវនកម្ម ដោយផ្តោតលើទិដ្ឋភាពទូទៅពីការអនុវត្តការតាមដានអនុសាសន៍សវនកម្ម និងទិសដៅខាងមុខ រួមមាន៖ (១) ការរៀបចំ និងដាក់ឱ្យអនុវត្តគោលនយោបាយរួមស្តីពីការអនុវត្តការតាមដានអនុសាសន៍សវនកម្ម, (២) ការរៀបចំគោលការណ៍ណែនាំស្តីពីការតាមដានអនុសាសន៍សវនកម្ម, (៣) រៀបចំតម្លើងដាក់ឱ្យដំណើរការ និងថែទាំប្រព័ន្ធគ្រប់គ្រងការតាមដានអនុសាសន៍សវនកម្មតាមកម្មវិធីកុំព្យូទ័រ និង(៤) ការបង្កើន និងពង្រឹងទំនាក់ទំនងជាមួយអង្គភាពរងសវនកម្ម តាមរយៈការជួបពិភាក្សាគ្នាពាក់ព័ន្ធនឹងការមិនទាន់បានអនុវត្តអនុសាសន៍សវនកម្ម។
លើសពីនេះ ភាគីទាំង៣ក៏បានយល់ស្របឱ្យមានការជំរុញកិច្ចសហប្រតិបត្តិការត្រីភាគីនេះ តាមរយៈការរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលសម្រាប់មន្រ្តីជំនាញនៃស្ថាប័នទាំង៣ នៅក្នុងឆ្នាំ២០២៤ និងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរជាតិ (INTOSAI) និងតំបន់ (ASOSAI និងASEANSAI)។ ភាគីទាំង៣ក៏បានឯកភាពថា នៅឆ្នាំ២០២៥ អាជ្ញាធរសវនកម្មជាតិនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រីភាគីលើកទី១១។
ក្រៅពីនេះ គណៈប្រតិភូនៃស្ថាប័នសវនកម្មកំពូលប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាមបានធ្វើទស្សនកិច្ចការងារ និងជួបពិភាក្សាការងារជាមួយឯកឧត្តម ប្រធានក្រុមប្រឹក្សាប្រជាជន និងថ្នាក់ដឹកនាំទីក្រុងដាណាង។
កិច្ចប្រជុំនេះក៏បានវាយតម្លៃខ្ពស់ចំពោះភាគីវៀតណាម ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រីភាគីលើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រកបដោយជោគជ័យ ហើយកិច្ចប្រជុំនេះមិនគ្រាន់តែគឺជាវេទិកាមួយចែករំលែកចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារពាក់ព័ន្ធនឹងវិស័យសវនកម្មសាធារណៈរវាងស្ថាប័នទាំង៣ប៉ុណ្ណោះទេ វាថែមទាំងបានរួមចំណែកដល់ការពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣៕