(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់និយ័តករមូលបត្រនេប៉ាល់ (SEBON) ដែលដឹកនាំដោយលោក Ramesh Kumar Hamal ប្រធានក្រុមប្រឹក្សាភិបាលនៃ SEBON នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីរវាង និយ័តករមូលបត្រកម្ពុជា និង SEBON និងបង្កើតនូវកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីពង្រឹងនូវប្រសិទ្ធភាព និងការអភិវឌ្ឍនៃទីផ្សារមូលបត្ររបស់ប្រទេសទាំងពីរ។
តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ លោក ស៊ូ សុជាតិ មានសុទិដ្ឋិនិយមថា អនាគតទីផ្សារមូលបត្ររបស់ប្រទេសទាំងពីរ នឹងភ្លឺត្រចះត្រចង់ ប្រសិនបើភាគីទាំងពីរទទួលបានជោគជ័យក្នុងការពង្រឹងនូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងការធ្វើនិយ័តកម្មទីផ្សារ ដោយយកចិត្តទុកដាក់លើស្ថានភាពទីផ្សារនៅក្នុងរបត់មួយដែលមានការផ្លាស់ប្តូរបន្តបន្ទាប់ និងប្រកបដោយនវានុវត្តន៍។
លោកបន្តថា «ជំនួបជាមួយ SEBON នាថ្ងៃនេះ គឺជាការចាប់ផ្តើមដ៏អស្ចារ្យ ហើយ ន.ម.ក. មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីថ្មីជាមួយ SEBON។ យើងនឹងរៀនពីគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម និងលើកកម្ពស់តម្លាភាព ការផ្តល់នូវភាពងាយស្រួល និងទំនុកចិត្តដល់វិនិយោគិននៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ»។
លោក Ramesh Kumar Hamal បានបញ្ជាក់ថា «ដោយសម្លឹងឃើញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងនិយ័តករទីផ្សារមូលបត្ររបស់កម្ពុជា និងនេប៉ាល់ គណៈប្រតិភូSEBON ដែលមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៤ រូប និងមន្ត្រីជាន់ខ្ពស់ បានចុះទស្សនកិច្ចសិក្សានៅកម្ពុជា។ កិច្ចពិភាក្សា និងការចែករំលែកឧត្តមានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធទីផ្សារ អភិបាលកិច្ចសាជីវកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងជាពិសេសកិច្ចគាំពារវិនិយោគិន ព្រមទាំងការអប់រំក្នុងវិស័យមូលបត្រ ដែលជាជំហានបឋមដ៏ចាំបាច់ក្នុងការបង្កើត និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងរយៈពេលវែង រវាង ន.ម.ក. និង SEBON»។
ដំណើរទស្សនកិច្ចសិក្សានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃ ន.ម.ក. និងគណៈប្រតិភូ SEBON ដោយមានការចែករំលែក និងកិច្ចពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធទីផ្សារ និងបច្ចេកវិទ្យា ឧត្តមានុវត្តន៍អភិបាលកិច្ចសាជីវកម្ម តម្លាភាព និងកិច្ចគាំពារវិនិយោគិន និងការអប់រំក្នុងវិស័យមូលបត្ររបស់ប្រទេសទាំងពីរ ក្នុងគោលបំណងដើម្បីអភិវឌ្ឍទីផ្សារមូលបត្រនៃប្រទេសទាំងពីរ៕