(ភ្នំពេញ)៖ ដើម្បីដោះស្រាយបញ្ហា ជនអនាថា កុមាររងគ្រោះ និងងាយរងគ្រោះ កុមារសុំទាន កុមារអនាថា និងអ្នកលក់ដូរ កុមារលក់ផ្កា និងជនមានពិការភាពប្រគំតន្ត្រី តាមភ្លើងស្តុបចរាចរណ៍ ក្នុងរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានស្នើសុំដល់អាជ្ញាធរពាកព័ន្ឋ ដើម្បីស្រាវជ្រាវរកមុខសញ្ញាមេខ្យល់ ដែលនាំជនមានពិការភាព មកធ្វើការច្រៀង និងសុំលុយ តាមចំណុចភ្លើងស្តុបនានា។
ការស្នើសុំកិច្ចសហការពីអាជ្ញាធររបស់លោកស្រី មុំ ចាន់ដានី ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំមួយ ស្តីពី «នីតិវិធីការបញ្ជូនជនអនាថា ជនប្រើប្រាស់គ្រឿងញៀន ជនវិបល្លាសស្មារតី (គ្រួសារ-អនាថា) ជនវ័យចាស់ជរាគ្មានទីពឹង និងកុមារអនាថា»។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក ថេង សុថល អភិបាលខណ្ឌ៧មករា រាជធានីភ្នំពេញ, គណៈអភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, អនុប្រធាន និងមន្រ្តីមន្ទីរ, លោក ប្រធានការិយាល័យពាក់ព័ន្ធ, លោក-លោកស្រី ចៅសង្កាត់ទាំង៨, លោកនាយនគរបាលប៉ុស្ត៍រដ្ឋបាលទាំង៨ និងមន្ត្រីជំនាញ។
លោកស្រី មុំ ចាន់ដានី បានស្នើសូមឲ្យអាជ្ញាធរ សមត្ថកិច្ចត្រូវធ្វើការកំណត់អត្តសញ្ញាណឲ្យច្បាស់លាស់ ចំពោះជនអានាថា ត្រូវធ្វើលិខិតទៅមន្ទីរសង្គមកិច្ច ដើម្បីអប់រំ ការកែប្រែ រីឯជនប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលបន្សាបគ្រឿងញៀន។ បើពុំដូចនោះទេ ជនដែលប្រើប្រាស់គ្រឿងញៀន បញ្ជូនទៅមន្ទីរសង្គមកិច្ច ហើយពេលដែលពួកគាត់ចេញមកវិញ នៅតែបន្តប្រើប្រាស់គ្រឿងញៀនដដែល។
លោកស្រីបានបន្តថា ពាក់ព័ន្ធនឹងករណីជនមានពិការភាព ដែលដាក់រទេះ និងភ្លេងច្រៀង តាមភ្លើងស្តុបចរាចរណ៍សំខាន់ៗ ក៏ដូចគ្នានោះដែរ គឺមានមេខ្យល់ ដែលដឹកជញ្ជូន ជនមានពិការភាពទាំងនោះ មកធ្វើការច្រៀង និងសុំលុយ ដើម្បីឧបត្ថម្ភទៅខាងនេះ ទៅខាងនោះជាដើម នេះគឺជាករណីឆបោកយ៉ាងពិតប្រាកដ។ ចំណែកកុមារអនាថា ក៏មានមេខ្យល់ ដើម្បីដឹកជញ្ជូន កុមារអនាថាទាំងនោះ ដាក់នៅតាមដងផ្លូវសាធារណៈដើម្បីសុំលុយផងដែរ។
ជាមួយគ្នានោះ លោក ថេង សុថុល បានលើកឡើងថា ចំពោះបញ្ហានេះ សូមឲ្យមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏ដូចជាសង្កាត់ទាំង៨ ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា ឲ្យយកចិត្តទុកដាក់ពីបញ្ហាក្មេងអនាថា សុំទានតាមដងផ្លូវ ជនប្រើប្រាស់គ្រឿងញៀន ជនមានពិការភាព ដែលច្រៀងតាមភ្លើងស្តុបចរាចរណ៍សំខាន់ៗ តាមសួនច្បារសាធារណៈ ជាដើម។ លោកអភិបាល បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីកុមារអនាថា ដែលដើរសុំលុយតាមដងផ្លូវសាធារណៈ គឺអាចបង្កគ្រោះថ្នាក់ចរាចរណ៍ និងធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈផងដែរ៕