(កំពត)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងនីតិវិធីទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន បញ្ញើសង្ស័យ និងបញ្ញើហាមឃាតឆ្លងកាត់តាមបញ្ញើប្រៃសណីយ៍ ក៏ដូចជានីតិវិធីត្រួតពិនិត្យកញ្ចប់បញ្ញើមុនពេលទទួល ដើម្បីបង្កការលាក់បង្កប់វត្ថុដែលច្បាប់ហាមឃាត់ជាដើម។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាពលោក ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងជាអនុប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ លោក ពេញ ធារម្យ អភិបាលរងខេត្តកំពត តំណាងតុលាការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត តំណាងសាខាគយ និងរដ្ឋាករខេត្តកំពត ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង៩ខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តទាំង៩ សាខាប្រៃសណីយ៍កម្ពុជាខេត្តទាំង៩ និងប្រធានសាខាប្រតិបត្តិករប្រៃសណីយ៍ឯកជនជាច្រើនរូប នៅសណ្ឋាគារកំពតថ្មី ខេត្តកំពត។
លោកអនុរដ្ឋលេខាធិការ ហួត ចាន់យ៉ារ៉េត បានលើកឡើងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលានេះឡើងដើម្បីបង្ហាញពីនីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ ព្រមទាំងនីតិវិធីត្រួតពិនិត្យកញ្ចប់បញ្ញើមុនពេលទទួលឱ្យយល់ដឹងពីបញ្ញើដែលសង្ស័យមានលួចលាក់បង្កប់ វត្ថុដែលច្បាប់ហាមឃាត់ និងជំរុញឱ្យក្រុមហ៊ុនដែលផ្តល់សេវាប្រៃសណីយ៍មកចុះបញ្ជីស្របច្បាប់។
លោកអនុរដ្ឋលេខាធិការបានបន្ថែមថា សិក្ខាសាលាថ្ងៃនេះក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការតាមដានវាយតម្លៃ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ក៏ដូចជាការស្វែងរកនូវវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរមាក្នុងគោលដៅរក្សានូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងសង្គមជាតិ។
លោក ហួត ចាន់យ៉ារ៉េត បានបញ្ជាក់ទៀតថា វិស័យប្រៃសណីយ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួល ប្រមូល ដឹកជញ្ជូន និងចែកចាយបញ្ញើ ស្របតាមយុគសម័យឌីជីថល ដែលសកម្មភាពទាំងនេះជាការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសង្គមជាតិនាពេលបច្ចុប្បន្នផងដែរ៕