(ភ្នំពេញ)៖ លោក សូ ឃ្យូ អ៊ីល (Kyoil Suh) ប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យសាកលវិទ្យាល័យ ស៊ុនឆាន់យ៉ាងនៃប្រទេសកូរ៉េខាងត្បូង បានថ្លែងថាមន្ទីរពេទ្យកុមារជាតិនឹងក្លាយជាមន្ទីរពេទ្យគំរូ សម្រាប់ផ្តល់សេវាសុខភាពដល់កុមារកម្ពុជា ដែលជាទំពាងស្នងឬស្សី និងជាក្តីសង្ឃឹមរបស់កម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធសហសាលប្រជុំមិត្តភាពនៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក Kyoil Suh បានបន្តថា នេះជាសមិទ្ធផលទី១ នៃការដាក់សម្ពោធឱ្យប្រើប្រាស់បន្ទប់ប្រជុំទាំងបី ហើយសង្ឃឹមថាទៅថ្ងៃអនាគតបន្ទប់ទាំង៣នេះ នឹងក្លាយជាទីតាំងក្នុងការចែករំលែកនូវចំណេះដឹងវិស័យសុខាភិបាល និងជាទីកន្លែងក្នុងការជជែកក្នុងការស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាធ្វើឱ្យកម្ពុជាទទួលបានការរីកចម្រើនលើវិស័យសុខាភិបាលថែមទៀត។
ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងផងដែរថា នេះជាមោទនភាពថ្មីមួយទៀត ដែលមន្ទីរពេទ្យកុមារជាតិសម្រេចបានសមិទ្ធិផលថ្មី ដែលបានជួសជុលអគារបណ្តុះបណ្តាលសារឡើងវិញ ដោយប្រើថវិកាផ្ទាល់របស់មន្ទីរពេទ្យ សហការជាមួយមន្ទីរពេទ្យសកលវិទ្យាល័យ ស៊ុនឆាន់យ៉ាង នៃប្រទេសកូរ៉េខាងត្បូង ក្នុងការរចនានិងបំពាក់សម្ភារៈក្នុងបន្ទប់ចំនួន៣ នៃអគារបណ្តុះបណ្តាលសម្រាប់បំរើឲ្យផលប្រយោជន៏នៃការបណ្តុះបណ្តាលគ្លិនិកក្នុងវិស័យសុខាភិបាល ហើយក៏ជាសហសាលប្រជុំបច្ចេកទេសដ៏ចាំបាច់ផងដែរ។
លោកសាស្ដ្រាចារ្យបន្ដថា ការរចនានេះបានរៀបចំឲ្យមានជាជីវៈប្រវត្តិសង្ខេបរបស់មន្ទីរពេទ្យ និងថ្នាក់ដឹកនាំក្នុងសម័យកាលនីមួយៗដើម្បីទុកជាឯកសារសម្រាប់សាធារណៈជន។ លោកនាយកមន្ទីរពេទ្យក៏សង្ឃឹមថាសមិទ្ធិផលនេះ នឹងបានជាប្រយោជន៍ដល់មនុស្សគ្រប់គ្នា សាទរដោយសេចក្តីរីករាយ និងដោយសេចក្តីស្រលាញ់។
លោកនាយកមន្ទីរពេទ្យកុមារជាតិគូសរម្លឹកទៀតថា មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យសាកលវិទ្យា ស៊ុនឆាន់យ៉ាង បានក្លាយជាមិត្តល្អនឹងគ្នាតាំងពីឆ្នាំ២០១៤ មកម្លេះ ហើយបន្ទាប់រូបលោក និងក្រុមការងារក៏ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅទីនោះផងដែរ ក្រោយមកក៏មានកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់បុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិ ដោយក្រុមសាស្ត្រាចារ្យនៃមន្ទីរពេទ្យសាកលវិទ្យាល័យ ស៊ុនឆាន់យ៉ាង ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ ឆ្នាំ២០១៧។
លោកសាស្ត្រាចារ្យបានបញ្ជាក់ថា ចំណងសាមគ្គីភាពនេះ បានជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកមន្ទីរពេទ្យកុមារជាតិ លើការថែទាំព្យាបាលទារក និងកុមារ ការទប់ស្កាត់ការចម្លងរោគ និង ការអភិវឌ្ឍគុណភាពសេវាសុខាភិបាលផងដែរ តាមរយៈ QI training course សកម្មភាពនេះជាចំណែកមួយដែលបានជួយឲ្យមន្ទីរពេទ្យកុមារជាតិ ក្លាយជាអ្នកបណ្តុះបណ្តាលបន្តកាន់តែរឹងមាំ រហូតអាចចែករំលែកដល់បណ្តាខេត្តផ្សេងៗ និងចូលរួមជាមួយក្រុមការងារថ្នាក់ជាតិនៃក្រសួងសុខាភិបាល ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាល គោលការណ៍ណែនាំជាតិ និងសកម្មភាពចុះវាយតម្លៃការថែទាំព្យាបាលទារកតាមមន្ទីរពេទ្យខេត្តនានាផងដែរ។
លោកសាស្ត្រាចារ្យបានលើកឡើងទៀតថា ទស្សនៈវិស័យរបស់មន្ទីរពេទ្យកុមារជាតិ មិនត្រឹមជាកន្លែងព្យាបាលជំងឺប៉ុណ្ណោះទេ តែក៏ជាកន្លែងបណ្តុះបណ្តាលគ្លីនិកថ្នាក់ជាតិ សម្រាប់ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល សិស្ស និស្សិតផងដែរ។
លោកសាស្ត្រាចារ្យបានបន្ថែមថា «សម្រាប់ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវតែបន្តការសិក្សាពេញមួយជីវិត ព្រោះចំណេះដឹងវិទ្យាសាស្ត្រគឺអភិវឌ្ឍឥតឈប់ឈរ។ ដូច្នេះដើម្បីផ្តល់សេវាល្អ គឺចាំបាច់ត្រូវមាន ទាំងចំណេះដឹង ឥរិយាបទក្រមសីលធម៌វិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ហើយទាំងអស់នោះកើតឡើងបាន គឺត្រូវការបណ្តុះបណ្តាល៕