(ក្រចេះ)៖ រដ្ឋបាលខេត្ដក្រចេះ បានសង្កេតឃើញថា ក្រុមហ៊ុន សហគ្រាស ធ្វើអាជីវកម្មធនធានរ៉ែ ក្នុងភូមិសាស្ត្រខេត្តក្រចេះដែលបានដឹកជញ្ជូនផលិតផលថ្មអារលើដងផ្លូវ ដើម្បីឆ្ពោះទៅកាន់គោលដៅនានា ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម របស់ខ្លួន។
ប៉ុន្ដែថ្មីៗនេះ ការដឹកជញ្ជូនផលិតផលចេញពីក្រុមហ៊ុន សហគ្រាស បានបង្កឲ្យមានផលប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈដូចជា គ្រោះថ្នាក់ចរាចរណ៍ និងខូចខាតផ្លូវជាដើម ដែលករណីនេះបណ្តាលឲ្យខាតបង់ដល់ ផលប្រយោន៍ជាតិនិងផលប្រយោជន៍សាធារណៈ ដែលបណ្តាលមកពីការវិចខ្ចប់ទំនិញមិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។
រដ្ឋបាលខេត្តក្រចេះ សូមធ្វើការណែនាំដូចខាងក្រោម៖
*ទី១៖ ក្រុមហ៊ុនថ្មអារទាំងអស់ ត្រូវដឹកជញ្ជូនទំនិញមិនឲ្យលើសទម្ងន់កំរិតកំណត់អតិប្បរមា ដែលច្បាប់បាន កំណត់ទៅតាមប្រភេទរថយន្ត។ ត្រូវសរសេរស្លាក់លេខរថយន្តសម្គាល់លើថ្មដែលដឹក។
*ទី២៖ រថយន្តសម្រាប់ដឹកជញ្ជូនផលិតផលថ្មអារ ចេញពីក្រុមហ៊ុនត្រូវមានទ្រុងដែលមានកម្ពស់ចាប់ពី ០,៥០ម៉ែត្រឡើងទៅ។
*ទី៣៖ ការដឹកជញ្ជូនថ្មអារតាមរថយន្តត្រូវគោរពទៅតាមបទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ ដូចជាការចងរឹតដោយប្រើខ្សែកាបឲ្យបានជាប់ ការប្រើកំណល់ ដោយប្រើប្រាស់ឧបករណ៍ដែលប្រកបដោយសុវត្ថិភាព។
*ទី៤៖ ក្រុមហ៊ុនដែលប្រើប្រាស់ផ្លូវ ត្រូវមានផែនការថែទាំ ជួសជុលផ្លូវជាប្រចាំដូចជា ការគៀរសម្រួល ការលុបជង្ហុក ការស្រោចទឹក ដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានជាយថាហេតុ។
*ទី៥៖ គ្រប់ការដ្ឋានទាំងអស់ ត្រូវមានប៉ុស្តិ៍ប្រចាំការ ដើម្បីត្រួតពិនិត្យរថយន្តដែលត្រូវដឹកជញ្ជូនចេញឲ្យបានត្រឹមត្រូវតាមការណែនាំ។
*ទី៦៖ មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់ ចំពោះការដឹកជញ្ជូនផលិតផលថ្មអារ ក្នុងករណីពិនិត្យឃើញថា ក្រុមហ៊ុនមិនបានអនុវត្តតាមសេចក្ដីណែនាំខាងលើ ជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ដែលមានជាធរមាន៕