(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ព្រមទាំងបានផ្ដល់អនុសាសន៍ដល់មន្ត្រីនៃនាយកដ្ឋាននេះ ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទឱ្យសម្រេចបានសមិទ្ធផលបន្ថែមទៀត។
នាឱកាសនោះ លោក គី សុផល ទីប្រឹក្សាក្រសួង និងជាប្រធានយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរាយការណ៍ជូនលោករដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ស្តីពីរបាយការណ៍វឌ្ឍនភាពការងារដែលបានអនុវត្តក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការជំរុញមុខរបរ ការលើកកម្ពស់សេដ្ឋកិច្ច និងការងារឥណទាននៅជនបទ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋាន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានសមិទ្ធផលយ៉ាងច្រើននាពេលកន្លងមក។
លោករដ្ឋមន្រ្ដីបានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានដូចខាងក្រោម៖
១. សូមឱ្យមន្ត្រីជំនាញបន្តខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានជោគជ័យបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
២. មន្រ្ដីរាជការគ្រប់រូបត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត។
៣. ថ្នាក់ដឹកនាំនាយកដ្ឋានត្រូវយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់មន្ដ្រី អនុវត្តគោលការណ៍សមូហភាពដឹកនាំ ដើម្បីរក្សាសាមគ្គីភាព និងប្រសិទ្ធភាពការងារ។
៤. នាយកដ្ឋានគួរមានការសិក្សាស្វែងយល់អំពីបញ្ហាប្រឈមនៃការផ្ដល់ឥណទានជូនដល់ប្រជាពលរដ្ឋនៅជនបទ។
៥. ដើម្បីជំរុញការងារអភិវឌ្ឍសេដ្ឋកិច្ចជនបទ ក្រសួងត្រូវបង្កើនការបណ្ដុះបណ្ដាលជំនាញ ការអប់រំ ផ្លាស់ប្ដូរឥរិយាបថ និងផ្នត់គំនិតរបស់ប្រជាជននៅជនបទ។
៦. ក្រសួងត្រូវរៀបចំយុទ្ធសាស្ដ្រក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានានិរន្ដរភាពសេដ្ឋកិច្ចនៅជនបទ។
៧. ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះមន្រ្ដីដែលជាស្ដ្រីមានផ្ទៃពោះ និងមន្ត្រីរាជការមានជំងឺ៕