(ព្រះសីហនុ)៖ រដ្ឋបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកអាជ្ញាធរមានសមត្ថកិច្ច និងកងកំម្លាំងប្រដាប់អាវុធ យកគ្រឿងចក្រឈូសឆាយសម្អាតឆ្នេរព្រែកត្រែងឡើងវិញ បន្ទាប់ពីប្រជាពលរដ្ឋ ដែលបានដាក់តូប កញ្ចុះលក់នៅលើឆ្នេរ ហើយការឈូសឆាយនេះមានការចូលរួមសហការដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋ តាមសេចក្តីជូនដំណឹងឲ្យរុះរើចេញដោយខ្លួនឯងមុនថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៣កន្លងទៅនេះ។ ឆ្នេរព្រែកត្រែង ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ លោក ស កក្កដា អភិបាលក្រុងព្រះសីហនុ
លោកអភិបាលក្រុង បានលើកឡើងថា ក្រោយពីការរៀបចំឆ្នេរឡើងវិញ អាជ្ញាធរនឹងយកមកគ្រប់គ្រង ដើម្បីសោភ័ណភាពបរិស្ថានស្អាត សម្រាប់ឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកអង្គុយសម្រាកលេងកម្សាន្ត ដោយមិនមានគិតថវិកាអ្វីនោះឡើយ ហើយឆ្នេរព្រែកត្រែងនេះ នឹងរៀបចំឲ្យមានការលក់ដូរជាធម្មតា ដូចនៅតាមឆ្នេរអូរឈើទាល ឆ្នេរអូត្រេះ ក៏ដូចជាឆ្នេរពយជំទាវម៉ៅជាដើម។ ប៉ុន្តែមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចាប់ទីកន្លែងនៅលើឆ្នេរ ធ្វើជាកម្មសិទ្ធិបុគ្គលណាម្នាក់នោះឡើយ គឺប្រជាពលរដ្ឋ អាចរែកលក់ ឬក៏ជួលទីតាំង។
លោកបានគូសបញ្ជាក់ថា ការរៀបចំនេះ ក្នុងគោលបំណងរួម ដើម្បីការគ្រប់គ្រង មានសណ្ដាប់ធ្នាប់ សោភ័ណភាព បរិស្ថានស្អាត ឆ្លើយតបទៅនឹងកំណើន នៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។
លោកអភិបាលក្រុង ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយអាជ្ញាធរក្រុង ក្នុងការរៀបចំឆ្នេរព្រែកត្រែងនេះឡើងវិញ ឲ្យបានស្អាតនិងជាកន្លែងសម្រាប់ប្រជាពលរដ្ឋភ្ញៀវទេសចរទូទៅ មកអង្គុយលេងកម្សាន្ត ប្រកបដោយផាសុខភាព៕