(ឥណ្ឌូនេស៉ី)៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Francis Wong ប្រធានរៀបចំនៃវេទិកាធុរកិច្ចអូស្ត្រាលីអាស៊ាន។

នៅក្នុងឱកាសនោះ លោកបណ្ឌិត កៅ គឺមហួន បានអបអរសាទរលោក Francis សម្រាប់ការរៀបចំវេទិកាធុរកិច្ចអូស្ត្រាលីអាស៊ាន ឆ្នាំ២០២៣ និងបានចែករំលែកទស្សនៈលើវិស័យមួយចំនួន សម្រាប់ការរៀបចំវេទិកានេះ នៅឆ្នាំ២០២៤ ស្របពេលខួបអនុស្សាវរីយ៍៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងអូស្ត្រាលី។

ក្រោយមកលោក Sujiro Seam ឯកអគ្គរដ្ឋទូតជ្រើសតាំង នៃសហភាពអឺរ៉ុបប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ បន្ទាប់ពីពិធីជូនសាតាំងរួចហើយ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីវឌ្ឍនភាព នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប និងបានបញ្ជាក់ឡើងវិញ អំពីការប្តេជ្ញាចិត្តធ្វើការកាន់តែជិតស្និទ្ធរួមគ្នា តាមរយៈវិស័យអាទិភាពបច្ចុប្បន្ន និងពេលអនាគត។

ក្នុងថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញផ្តល់សន្ទរកថាបើកសន្និសីទកិច្ចសហប្រតិបត្តិការ China Mobile តំបន់អាស៊ីអាគ្នេយ៍។ សន្និសីទនេះ មានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការរបស់រដ្ឋាភិបាល និងមេដឹកនាំឧស្សាហកម្មពីអាស៊ាន និងចិន បានពិនិត្យមើលនិន្នាការអភិវឌ្ឍនៅក្នុងសេដ្ឋកិច្ច ផ្នែកឌីជីថលតំបន់ និងពង្រឹងកិច្ចសហការពហុវិស័យ ដើម្បីពន្លឿនការផ្លាស់ប្តូរផ្នែកឌីជីថល និងលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងបរិយាប័្នននៅក្នុងតំបន់។

ជាមួយគ្នានេះ លោកក៏បានផ្តល់កិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ស្តីពីសមិទ្ធផលរបស់អាស៊ាន មុនពេលកិច្ចប្រជុំអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលខាងមុខ។ នៅក្នុងកិច្ចសម្ភាសន៍នោះ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា អាស៊ាននៅតែជាតួអង្គសំខាន់នៅក្នុងតំបន់ និងពិភពលោក ហើយថា អាស៊ាននៅតែបន្តទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីដៃគូខាងក្រៅ។

បន្ទាប់មកនៅពេលរសៀល លោកបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាស ជាមួយបណ្តាញសារព័ត៌មាន CGTN របស់ចិន។ លោកអគ្គលេខាធិការអាស៊ាន បានរំលេចអំពីទំនាក់ទំនងរវាងអាស៊ាន-ចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលគ្របដណ្តប់ដោយយន្តការជាច្រើន៕