(ត្បូងឃ្មុំ)៖ មន្ត្រីរាជការរួមទាំងក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បាននាំគ្នាសម្ដែងនូវការគាំទ្រទាំងស្រុង ចំពោះលិខិតចំហររបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ឆ្លើយតបទៅលិខិតមិត្តអ្នកអានដែលចុះផ្សាយ ដោយសារព័ត៌មានភ្នំពេញប៉ុស្តិ៍។
មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឃើញនូវអត្ថបទចុះផ្សាយ របស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដែលមានចំណងជើងថា «ក្រសួងខ្លះភ្ញាក់រលឹក ខណៈសុខាភិបាលសម្ងំដេក»។
ក្រោយអានអត្ថបទនេះ ក្រុមការងាររបស់មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើខ្លឹមសារទាំងស្រុង ហើយបានសម្រេចបដិសេធដាច់ខាតពាក្យថា «សុខាភិបាលសម្ងំដេក» «ដោយហេតុថា មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្រី្ត និងបុគ្គលិកសុខាភិបាលទាំងអស់ បាននឹងកំពុងខិតខំបំពេញភារកិច្ចបំរើសេវាសុខភាព ដល់ប្រជាជនប្រកបដោយគុណភាព និងក្រមសីលធម៌ខ្ពស់»។
ម្យ៉ាងទៀតក្រសួងសុខាភិបាលក៏បានលើកទឹកចិត្ត និងសំណូមពរដល់បុគ្គលិក និងមន្ត្រីសុខាភិបាលទាំងអស់ បន្តខិតខំប្រឹងប្រែងផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងជាពិសេសខិតខំបង្កើននូវចំណេះដឹងនិងចំណេះធ្វើរបស់ខ្លួន តាមរយ:ការបណ្តុះបណ្តាលបន្តថែមទៀត។
ប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងមន្រ្តីក្រោមឱវាទ ទាំងអស់បានប្តេជ្ញាគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល គោរពម៉ោងពេលធ្វើការងារ មានការយាមកាម២៤ម៉ោងលើ២៤ម៉ោង គោរពក្រមសីលធម៌វិជ្ជាជីវៈពេទ្យបានត្រឹមត្រូវ មានសាមគ្គីភាពផ្ទៃក្នុង ជម្រុញការផ្តល់សេវាប្រកបដោយគុណភាព ជូនដល់ប្រជាពលរដ្ឋ និងខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនសមត្ថភាពរបស់ខ្លួន អ្នកចេះជួយបង្រៀនអ្នកមិនចេះ និងអ្នកប្រកបវិជ្ជាជីវៈសេវាឯកជន សូមគោរពច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងមិនគិតលុយជាធំ។
ជាលទ្ធផលដោយសង្ខេបខ្លី ទី១.សម្រាប់ក្រមសីលធម៏វិជ្ជាជីវៈ ត្រូវបានកែប្រែជាបណ្តើរៗ កិច្ចខំប្រឹងប្រែងរបស់លោកសាស្រ្តាចារ្យធា គ្រុយ ដែលជាប្រធានគណៈគ្រូពេទ្យជាតិ និងតំណាងអោយក្រសួងសុខាភិបាល បាននឹងកំពុងមមាញឹកចុះផ្សព្វផ្សាយ នឹងតាមដាមយ៉ាងយកចិត្តទុកដាក់់ ជាប្រចាំខែ ប្រចាំត្រីមាស ឆមាស និង ឆ្នាំ។ ទី២.សម្រាប់សេវាសាធារណៈនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ប្រជាពលរដ្ឋពេញចិត្តពេញថ្លើមក្នុងការមកទទួលនូវសាវានេះ អត្រាប្រើប្រាស់គ្រែលើសចំនួនកំណត់ជារៀងរាល់ថ្ងៃ។
ទី៣.សម្រាប់ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លង មន្ទីរសុខាភិបាល បានអនុវត្តន៏តាមគោលនយោបាយក្រសួង ដោយបានបង្កើតក្រុមឆ្លើយតបបន្ទាន់ ហើយជាលទ្ធផលក្រុមការងារ បានទប់ស្កាត់ទាន់ពេល។
ទី៤.សម្រាប់សេវាឯកជន .ការទប់ស្កាត់សេវាខុសច្បាប់៖ តាមទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល មន្ទីរបានចុះពិនិត្យ និងអនុវត្តន៏វិធានផ្លូវច្បាប់ កសាងសំណុំរឿងទៅតុលាការ ចំពោះសេវាណាមិនគោរពច្បាប់រួចរាល់ហើយ។
ការបណ្តុះបណ្តាលសម្រាប់សេវាឯកជន តាមរយៈគណៈគ្រូពេទ្យខេត្ត បានបង្ហាញនូវករណីគ្លីនិកជារៀងរាល់៣ខែម្តង។ ការសន្និដ្ឋានជារួមមន្ទីរសុខាភិបាល និងមន្ត្រីគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែង បូជាកំលាំងកាយកំលាំងចិត្ត គ្រប់កាលៈទេសៈទាំងអស់ ខុសពីការពិតដែលជនអគតិ បានចុះផ្សាយនូវព័ត៏មានមិនពិត និងមានចរិកលក្ខណៈ បន្ទុះបង្អាប់វិស័យសុខាភិបាល នៅកម្ពុជាទៅវិញ៕