(ភ្នំពេញ)៖ យោធាជាតិឥណ្ឌូណេស៊ី នឹងផ្តល់មេដាយកិត្តិយសកម្រិតខ្ពស់ Bintang Kartika Eka Pakci Utama ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ដែលធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ នេះបើតាមលិខិតរបស់ ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ ផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លិខិតស្ថានទូត បានបញ្ជាក់ថា៖ «ស្ថានទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញ សូមសម្ដែងគារវកិច្ចចំពោះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងមានកិត្តិយសសូមជូនដំណឹងថា យោធាជាតិឥណ្ឌូណេស៊ី មានបំណងផ្តល់មេដាយកិត្តិយកកម្រិតខ្ពស់ Bintang Kartika Eka Pakci Utama ជូនឯកឧត្តម ទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អំឡុងនៃការបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ទៅកាន់ទីក្រុងហ្សាការតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា សម្រាប់ការបំពេញតួនាទីរបស់ ឯកឧត្តមកន្លងមក កាលនៅកាន់តំណែងជានាយសេនាធិការនៃកងយោធពលខេមរភូមិន្ទ»