(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញក្តីសោមនស្សរីករាយ និងសាទរក្រៃលែង ជូនចំពោះលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោស។

សម្តេចតេជោ បានសរសេរលើតេឡេក្រាមយ៉ាងដូច្នេះ «ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាង​ក្រៃលែង​ចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបាន ព្រះមហាក្សត្រថៃ សម្រេចព្រះទ័យ​​បន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ សូមជូនពរឱ្យបងប្រុសជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ»។ សារអបអរសាទរក៏បានរំលេចជាភាសាអង់គ្លេសផងដែរ «I would like to extend my sincere congratulations to His Excellency Thaksin Shinawatra, who was pardoned by the Thai king, reducing eight-year prison sentence to just one year. I wish my brother continued good luck».

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន បានសម្រេចព្រះទ័យ​បន្ធូរបន្ថយទោសអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ពីការជាប់ពន្ធនាគារ ៨ឆ្នាំ មកនៅត្រឹមតែ ១ឆ្នាំប៉ុណ្ណោះ។

ការព្រះរាជទានបន្ធូរបន្ថយទោសកើតមានឡើង បន្ទាប់ពីអតីតមេដឹកនាំថៃវ័យ៧៤ឆ្នាំរូបនេះ បានដាក់សំណើជាផ្លូវការ ដើម្បីស្នើសុំ​ការលើកលែងទោសពីព្រះមហាក្សត្រ កាលពីថ្ងៃព្រហស្បតិ៍​។ ក្នុងសេចក្តីថ្លែងការណ៍នោះ បានគូសបញ្ជាក់ថា លោកអតីតនាយករដ្ឋមន្ត្រីថៃ បាន​ទទួលយកបទឧក្រិដ្ឋរបស់លោក ហើយរូបលោកបានបង្ហាញ ការសោកស្តាយជាខ្លាំង។ សេចក្តីថ្លែងការណ៍ដដែល ក៏បាន​លើកឡើងថា លោក ថាក់ស៉ីន កំពុងឈឺថ្កាត់ផងដែរ។

លោក ថាក់ស៉ីន ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៨ឆ្នាំ សម្រាប់បទល្មើស​រំលោភ​អំណាច និងទំនាស់ផលប្រយោជន៍ បន្ទាប់ពីរូបលោកបានវិលត្រឡប់មកកាន់ប្រទេសថៃវិញ កាលពីសប្តាហ៍មុន ក្រោយការរស់នៅនិរទេសខ្លួន អស់រយៈពេល១៥ឆ្នាំ។ លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ កាលពីចន្លោះឆ្នាំ២០០១-២០០៦។

លោក ថាក់ស៊ីន បានវិលត្រឡប់ចូលប្រទេសកំណើតខ្លួនវិញ កាលពីថ្ងៃទី២២ ខែសីហា និងជួបជុំគ្រួសារបានមួយរយៈពេលខ្លី ក៏​ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់តុលាការ ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារតែម្តង។

មុនការវិលត្រឡប់ទៅកាន់ប្រទេសវិញ នៅថ្ងៃទី៥ ខែសីហា លោក ថាក់ស៊ីន និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានហោះមកចូលរួមអបអរសាទរខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន បានរាប់អានគ្នាជាបងប្អូនធម៌ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ តាំងពីឆ្នាំ១៩៩២ ពោលមុនលោក ថាក់ស៊ីន ក្លាយជានាយករដ្ឋមន្ត្រីថៃទៅទៀត៕