(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរដល់យុវជនម្នាក់ ដែលបានចោទសួរទៅយុវជនរបស់ បក្សប្រឆាំងនៅលើបណ្តាញសង្គម Facebook ថា ហេតុអ្វីក៏មេបក្សប្រឆាំងមិនដែលផ្សព្វផ្សាយសមិទ្ធផលដែលរាជរដ្ឋាភិបាលបានធ្វើ?
ការកោតសរសើរដល់យុវជនអ្នកលេង Facebook រូបនេះ បានធ្វើឡើង នៅក្នុងពិធីតភ្ជាប់ស្ពានកោះធំ នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា នាថ្មីៗនេះមានយុវជនគណបក្សប្រឆាំងបានសួរថា តើហេតុអ្វី សម្តេចតេជោ ហ៊ុន សែន មិនចុះផ្សាយនូវចំណុចខ្វះខាត របស់កម្ពុជានៅលើទំព័រ Facebook។ ស្រាប់តែមានយុវជម្នាក់ទៀតចូលទៅ Comment ថា ចុះហេតុអ្វីមេបក្សប្រឆាំង មិនដែលផ្សព្វផ្សាយសមិទ្ធផល ដែលរាជរដ្ឋាភិបាលធ្វើ?
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តតាមការសរសេររបស់យុវជននោះថា «ខ្ញុំទទួលស្គាល់ គឺគាត់មិនដែលផ្សាយអាហ្នឹងមែន រឿងចំណុចខ្វះខាត តែខ្ញុំឆ្ងល់វិញថា ហេតុអីបានមេបក្សប្រឆាំងមិនដែលផ្សព្វផ្សាយសមិទ្ធផល ដែលរាជរដ្ឋាភិបាលធ្វើ អូ នេះសូមកោតសរសើរ»។
សម្តេចបញ្ជាក់ថា មូលហេតុដែលមិនផ្សាយចំណុចខ្វះខាតនៅលើ Facebook ផ្ទាល់របស់សម្តេចនោះ ដោយសារតែសម្តេចបាន ផ្សព្វផ្សាយនូវចំណុចខ្វះខាត ទាំងនោះនៅតាមប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍អស់ទៅហើយ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖