(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជំរុញឲ្យលោក ប្រាំង ជលសា អគ្គនាយកថ្មី របស់អគ្គិសនីកម្ពុជា ត្រូវមានតម្លាភាពក្នុងការដឹកនាំ និងផ្ដល់ឱកាសការងារឲ្យបានស្មើៗគ្នាដល់មន្ត្រីថ្នាក់ក្រោម ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពជីវភាព របស់ក្រុមគ្រួសារអគ្គិសនីកម្ពុជា។

ការជំរុញបែបនេះធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រី កែវ រតនៈ អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គនាយកថ្មី របស់អគ្គិសនីកម្ពុជា លោក ប្រាំង ជលសា ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង នាពេលថ្មីៗកន្លងទៅនេះ។

រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា «ថ្នាក់ដឹកនាំថ្មី ជាពិសេសអគ្គនាយកអគ្គិសនីកម្ពុជា ត្រូវធ្វើជាមនុស្ស ដែលត្រូវការយុត្ដិធម៌ តម្លាភាពក្នុងការដឹកនាំ និងផ្ដល់ឱកាសការងារឲ្យបានស្មើៗគ្នា ដើម្បីលើកកម្ពស់សុវត្ថិភាព និងសុខមាភាពជីវភាព របស់ក្រុមគ្រួសារអគ្គិសនីកម្ពុជា ទូទាំងប្រទេស»

ទន្ទឹមគ្នានេះ រដ្ឋមន្ដ្រី កែវ រតនៈ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជា ត្រូវមើលឃើញអគ្គិសនីកម្ពុជាឃើញជាគ្រួសារ ដែលបុគ្គលិកបានខិតខំទាំងចាស់ទាំងក្មេង ដើម្បីបម្រើជាតិមាតុភូមិ។

ក្នុងនាមរដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល រដ្ឋមន្ដ្រី បានប្រកាសប្ដូរផ្ដាច់ជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រសួង ជាមួយអាជ្ញាធរអគ្គិសនី ធ្វើការបម្រើរាជរដ្ឋាភិបាល ដែលមានឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ផ្ដល់ការគាំទ្រតាមអាចធ្វើទៅបាន ជូនដល់អគ្គិសនីកម្ពុជា ដើម្បីឲ្យក្រុមគ្រួសារបម្រើជាតិមួយនេះ កាន់តែមានលទ្ធភាព ដើម្បីបម្រើប្រជាជនឲ្យបានសប្បាយចិត្ដ៕