(កំពង់ចាម)៖ មន្រ្តីជំនាញហិរញ្ញវត្ថុ នៃអង្គភាពពាក់ព័ន្ធ មកពីខេត្តកំពង់ចាម, ក្រចេះ និងត្បូងឃ្មុំ ចំនួន១៦២នាក់ បានទទួលការ បណ្តុះបណ្តាលពង្រឹងសមត្ថភាព សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌកែទម្រង់ប្រព័ន្ធថវិកាដែលជាស្នូល ដ៏សំខាន់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ក្នុងគោលដៅផ្សាភ្ជាប់ថវិកាទៅនឹង គោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល។
វគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពនេះ ត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ចាម ក្រោមអធិបតីភាព លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឡើងនៅថ្ងៃទី៨-១១ ខែសីហា ឆ្នាំ២០១៦ នៅសណ្ឋាគារ៧មករា ស្ថិតនៅទីរួមខេត្តកំពង់ចាម។
លោក ពេជ្រ សម្បត្តិ បានសង្កត់ធ្ងន់ថា កន្លងមកគ្រប់មន្ទីរ អង្គភាពនៅជុំវិញខេត្តកំពង់ចាម ក៏ដូចជាខេត្តក្រចេះ និងត្បូងឃ្មុំ បានចូលរួម ចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ព្រមទាំងសម្រេចបានសមិទ្ធផល ជាវិជ្ជមានគួរជាទីមោទនៈ។
លោកអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា «កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន៤ដំណាក់កាល និងធ្វើឡើងជាជំហានៗ ឆ្ពោះទៅរកគោលបំណងជាក់លាក់ នៅតាមដំណាក់កាលនីមួយៗ។ លោកថា ទទ្ទឹមនឹងជោគជ័យនៅ ដំណាក់កាលទី១ និងទី២ ក្នុងរយៈពេល១០ឆ្នាំកន្លងមក រាជរដ្ឋាភិបាលបានវាយតម្លៃថា ប្រព័ន្ធថវិការបស់យើង នៅមិនទាន់សុក្រឹត នៅឡើយទេ ព្រោះនៅមានចំណុចខ្វះចន្លោះខាងក្របខ័ណ្ឌគតិយុត្ត និងយន្តការសម្រាប់អនុវត្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ដែលយើងចាំបាច់ត្រូវបន្តធ្វើសុក្រឹតកម្មថែមទៀត»។
លោក ពេជ្រ សម្បត្តិ ក៏បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់បទឧទ្ទេសរបស់គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាល នេះ និងត្រូវចូលរួមលើកសំណួរ ចោទឆ្លើយ ពិភាក្សា និងផ្លាស់ប្តូរគំនិតយោបល់ ឱ្យបានផុសផុល ដើម្បីចាប់យកចំណេះដឹង និងចំណេះធ្វើឱ្យបានជាអតិបរមា សម្រាប់យកទៅអនុវត្តក្នុងការដ្ឋានការងារ នៅពេលត្រឡប់ទៅកាន់មន្ទីរ-អង្គភាពរៀងៗខ្លួនវិញ ក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ៕