(ភ្នំពេញ)៖ ក្រោយទទួលបានការណែនាំពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានដឹកនាំអាជ្ញាធរពាក់ព័ន្ធ ចុះវាយកម្ទេចចោលឥដ្ឋដែលរៀបចំធ្វើជាសួន រំលោភលើចំណីផ្លូវ ផ្លូវថ្មើរជើង និងចូលទ្រូងផ្លូវ នៅលើផ្លូវ៤៩៦ សង្កាត់ផ្សារដើមថ្កូវ។
លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ការចុះដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានចុះការលួចធ្វើសួន រំលោភលើចូលផ្លូវសាធារណៈ លើផ្លូវលេខ៤៩៦ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោកអភិបាលរងខណ្ឌ បានបន្តថា មុនចុះមកវាយនេះ គឺក្រុមការងារសាលខណ្ឌ និងសង្កាត់ បានចុះមកណែនាំ និងធ្វើកិច្ចសន្យា មិនឱ្យសង់ តែម្ចាស់ផ្ទះ មិនស្តាប់ នៅតែផ្គើន បន្តសង់រំលោភផ្លូវដដែល។
ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ បានអំពាវនាវប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌចំការមនទាំងអស់ មេត្តាសូមកុំនាំគ្នាសង់សំណង់អ្វី រំលោភលើចំណីផ្លូវ ឬផ្លូវថ្មើរជើង ដែលនាំឱ្យដល់អាជ្ញាធរ ចុះទៅបញ្ឈប់ ឬចុះទៅវាយចោល ដែលនាំឱ្យបងប្អូនបង់ខាតពេលវេលា និងថវិកាផងដែរ៕